(វ៉ាស៊ីនតោន)៖ អ្នកដំណើរ និងក្រុមនាវិកទាំងអស់ នៅលើកប៉ាល់ដឹកអ្នកដំណើរ ហ្គ្រេនដ៍ព្រីនសេស (Grand Princess) ត្រូវបានអាជ្ញាធរអាមេរិក តម្រូវឱ្យស្ថិតក្នុង បន្ទប់របស់ពួកគេរៀងៗខ្លួន បន្ទាប់ពីអតីតអ្នកដំណើរធ្លាប់ជិះលើកប៉ាល់នេះម្នាក់ បានស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

បើតាម BBC កប៉ាល់ដឹកអ្នកដំណើរខ្នាតយក្ស Grand Princess ដែលមានមូលដ្ឋាននៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ត្រូវបានគេរាយការណ៍ថា មានផ្ទុកអ្នកដំណើរច្រើនជាង ៣,០០០នាក់ ហើយបច្ចុប្បន្នកប៉ាល់នេះ ត្រូវបានដាក់ឱ្យដាច់ដោយឡែកពីគេឯង នៅតំបន់ឆ្នេរនៃរដ្ឋកាលីហ្វ័រញ៉ា។ កប៉ាល់មានគោលដៅធ្វើដំណើរទៅ-មក ចេញពីទីក្រុង San Francisco ទៅកាន់ប្រទេសម៉ិចស៊ីកូ និងបានឈប់សំចតនៅតាមកំពង់ផែជាច្រើន ក្នុងនោះរួមមានទាំងកោះហាវ៉ៃផងដែរ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីជំនាញអាមេរិកគ្រោងនឹងធ្វើតេស្ដលើអ្នកនៅលើកប៉ាល់ ដើម្បីរក COVID-19 ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា តើកប៉ាល់ Grand Princess នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេឯងយូរប៉ុណ្ណានោះទេ។ កប៉ាល់នេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ព្រីនសេសគ្រូស (Princess Cruises) មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាផ្ទាល់៕