(បរទេស)៖ អាជ្ញាធរសុខាភិបាលអូស្រ្តាលី អេស៉្បាញ និងអ៉ីរ៉ាក់ ទើបតែបានប្រកាសអំពីករណីទី ២ ដូចៗគ្នានៃអ្នកជំងឺដែលបានបាត់បង់ជីវិត ដោយសារមេរោគឆ្លង COVID-19 នៅក្នុងប្រទេសរៀងៗខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

អ្នកជំងឺ COVID-19 ទីពីរដែលបានស្លាប់ នៅក្នុងប្រទេសអូស្រ្តាលី គឺជាស្រ្តីវ័យដ៏ចំណាស់ម្នាក់អាយុ ៩៥ឆ្នាំទៅហើយ។ រូបគាត់ និងមនុស្សចំនួនទៀត ដែលស្នាក់នៅកន្លែងថែទាំងជនចាស់ជរាមួយកន្លែងក្នុងទីក្រុងស៊ីដនី នៃប្រទេសអូស្រ្តាលីបានឆ្លង COVID-19 ពីអ្នកមើលថែទាំពួកគាត់ម្នាក់។ បច្ចុប្បន្នករណីឆ្លងសរុបនៅអូស្រ្តាលីគឺ ៥២ករណី។

ចំណែកនៅអេស៉្បាញវិញ អ្នកជំងឺ COVID-19 ទីពីរដែលបានស្លាប់ គឺជាបុរសវ័យចំណាស់អាយុ ៨២ឆ្នាំ ដែលមានជំងឺធ្ងន់ប្រចាំខ្លួន ហើយមានជំងឺរលាកសួតផ្សេងទៀតបន្ថែមពីលើ COVID-19។ បច្ចុប្បន្នករណីឆ្លងសរុបនៅអេស៉្បាញគឺ ២១៩ករណី ដោយទីក្រុងម៉ាឌ្រីដ មានករណីច្រើនជាងគេគឺ ៧៦នាក់ ដែលបានឆ្លង COVID-19។

រីឯនៅប្រទេសអ៉ីរ៉ាក់ អ្នកជំងឺ COVID-19 ទីពីរ ដែលបានបាត់បង់ជីវិត គឺជាស្រ្តីម្នាក់ ដែលពុំត្រូវបានបញ្ជាក់អាយុ ប៉ុន្តែមានជំងឺច្រើនជាប់ខ្លួន និងមានប្រព័ន្ធការពាររាងកាយទន់ខ្សោយខ្លាំង។ គាត់បានស្លាប់នៅក្នុងរដ្ឋធានីបាកដាដ។ បច្ចុប្បន្នករណីសរុបនៅអ៉ីរ៉ាក់គឺ ៣៥ករណី ក្នុងនោះ ១៤ករណីនៅទីក្រុងបាកដាដ។

គិតមកទល់ពេលនេះ COVID-19 ដែលបានផ្ទុះឡើងដំបូងនៅទីក្រុង វូហាន (Wuhan) នៃខេត្ត ហ៊ូប៉ី (Hubei) ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩ បានឆ្លងដល់មនុស្សខ្ទង់ ៩៥,០០០នាក់ នៅតាមប្រទេសនិងតំបន់សរុបយ៉ាងតិច ៨១ ជុំវិញពិភពលោក (៨០,៤០៩ករណីនៅចិនដីគោក) ហើយជាង ៣,២០០នាក់បានស្លាប់ (៣ ,០១២នាក់នៅចិនដីគោក)។ បើតាមអង្គការសុខភាពពិភពលោក (WHO) អត្រាមរណៈរបស់វាគឺ ៣.៤ភាគរយ៕