(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលចិននាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០ នេះ បានបញ្ចេញរបាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញ មានអ្នកជំងឺ COVID-19 សរុបចំនួន ២,១៨៩នាក់ត្រូវបានអនុញ្ញាតឲ្យ ចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយឡើងវិញ។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

គណៈកម្មាការសុខាភិបាលចិនដដែលក៏បានគូសបញ្ជាក់ទៀតថា អ្នកជំងឺសរុបដែលត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពួកគេបានជាសះស្បើយឡើងវិញនៅទូទាំំងប្រទេសចិនបានកើនឡើងដល់ ៥២,០៤៥នាក់ហើយ។

ដោយឡែក សម្រាប់របាយការណ៍ប្រចាំថ្ងៃស្តីអំពីចំនួនអ្នកឆ្លង និងអ្នកស្លាប់វិញ អាជ្ញាធរសុខាភិបាលចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ចំនួនឆ្លងសរុបនៅក្នុងតំបន់ និងខេត្តចំនួន ៣១ របស់ប្រទេសចិនបានបន្តកើនដល់ ៨០,៤០៩ករណី ដែលក្នុងនោះស្លាប់ ៣,០១២នាក់ ។

ជាការកត់សម្គាល់ តួលេខថ្មីៗខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះនូវចំនួនមនុស្សឆ្លងប្រចាំថ្ងៃយ៉ាងច្រើនបន្ថែមទៀត នៅទូទាំងប្រទេសចិន ខណៈអ្នកជាសះស្បើយកើនច្រើនជាងមុន៕