(វ៉ាស៊ីនតោន)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ១១នាក់ហើយ ខណៈសភាតំណាងរាស្រ្តបានសម្រេចអនុម័តកញ្ចប់ថវិកាជាង ៨ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតដ៏កាចសាហាវមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក ហ្គាវីន ញូសុម (Gavin Newsom) បានប្រកាសអាសន្ន ខណៈដែលលោកបានរាយការណ៍ពីករណីស្លាប់ដំបូង ដោយសារជំងឺ COVID-19 ក្នុងរដ្ឋរបស់ខ្លួន។ ចំណែកឯអាជ្ញាធរសុខាភិបាលនៅរដ្ឋវ៉ាស៊ីនតោនស្ទេត បានរាយការណ៍ឲ្យដឹងថា មានមនុស្សស្លាប់ចំនួន ១០នាក់ហើយនៅក្នុងរដ្ឋភាគខាងលិច សហរដ្ឋអាមេរិកមួយនេះ។

ដោយឡែកលោក Newsom បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «រដ្ឋកាលីហ្វ័រញ៉ាកំពុងដាក់ពង្រាយកម្លាំងរបស់រដ្ឋាភិបាលគ្រប់កម្រិត ដើម្បីជួយកំណត់ករណី និងកាត់បន្ថយការរីករាលដាលនៃវីរុសនេះ»។ ជាមួយគ្នានេះលោកក៏បានបន្ថែមទៀតថា សេចក្តីប្រកាសអាសន្ននេះ នឹងជួយរដ្ឋរៀបចំសហគមន៍ និងប្រព័ន្ធថែទាំសុខភាពបន្ថែមទៀតក្នុងករណីដែលវា រីករាលដាលកាន់តែខ្លាំង។

នៅព្រឹកថ្ងៃនេះដដែល អាជ្ញាធរទីក្រុងឡូសអាន់ជឺឡេស (Los Angeles) បានរាយការណ៍ពីការរកឃើញករណីឆ្លងមេរោគ COVID-19 ថ្មីៗចំនួន ០៦បន្ថែមទៀត ខណៈចំនួនករណីដែលបានបញ្ជាក់ នៅក្នុងរដ្ឋញូយ៉កបានកើនឡើងដល់ ១១នាក់។

លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ដែលជាប្រធានសភាបាននិយាយថា ក្រុមសមាជិកសភានៃគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យបានឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្តល់មូលនិធិចំនួន ៨.៣ ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលមួយនេះ។ សភាតំណាងរាស្រ្តបានអនុម័តវិធានការនេះហើយ នៅឡើយតែព្រឹទ្ធសភាប៉ុណ្ណោះ ដែលនឹងត្រូវបោះឆ្នោតអនុម័ត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន)។

គួរជម្រាបថា នៅទូទាំងប្រទេសអាមេរិកមានមនុស្សជាង ១៣០នាក់ បានឆ្លងវីរុសនេះក្នុងបណ្តារដ្ឋជាង ១០។ ភាគច្រើននៃអ្នកស្លាប់រហូតមកដល់ពេលនេះ គឺស្ថិតនៅក្នុងរដ្ឋវ៉ាស៊ីនតោនស្ទេត៕