(សិង្ហបុរី)៖ មានសេចក្តីរាយការណ៍ថា អ្នកដំណើរម្នាក់ដែលបានធ្វើដំណើរពីតួកគី មកដល់ប្រទេសសិង្ហបុរី តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី ត្រូវបានគេតេស្តរកឃើញថា មានផ្ទុកវីរុស COVID-19។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលសិង្ហបុរី បានបញ្ជាក់ករណីខាងលើកាលពីយប់ថ្ងៃពុធថា អ្នកដំណើរម្នាក់ដែលបានជិះនៅលើជើងយន្តហោះ TK54 មកពីប្រទេសតួកគីកាលពីថ្ងៃទី០៣ ខែមីនា ត្រូវបានគេតេស្តរកឃើញថា មានផ្ទុកវីរុស COVID-19 នៅក្នុងខ្លួន។ យ៉ាងណាមិញ ក្រសួងសុខាភិបាលសិង្ហបុរីបានថ្លែងថា ខ្លួនគឺកំពុងតាមដាន និងស្វែងរកអ្នកដំណើរផ្សេងៗទៀត ដែលអាចមានទំនាក់ទំនងដោយផ្ទាល់ជាមួយករណីថ្មីនេះ ដើម្បីឲ្យពួកគេមកពិនិត្យសុខភាព។

គួរជម្រាបថា គិតត្រឹមថ្ងៃពុធម្សិលមិញ ប្រទេសសិង្ហបុរីបានរាយការណ៍ថា មានករណីឆ្លង COVID-19 សរុបចំនួន ១១២ករណីហើយ ដែលក្នុងនោះមានអ្នកជំងឺ ៧៨នាក់បានជាសះស្បើយ ខណៈ ៣៣នាក់ទៀតកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ៕