(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានកោះប្រជុំបន្ទាន់មួយ នៅថ្ងៃពុធនេះដើម្បីពីភាក្សាអំពីអ្វីដែលត្រូវធ្វើចំពោះ ពលករថៃខុសច្បាប់ នៅកូរ៉េខាងត្បូង ប្រហែលជា១០,០០០នាក់ ដែលលោកជឿជាក់ថាពួកគេនឹងរកវិធី វិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីគេចចេញពីការឆ្លង COVID-19 នៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

កិច្ចប្រជុំយ៉ាងតក់ក្រហល់បែបនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលថៃ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភយ៉ាង ខ្លាំងអំពីរបៀបគ្រប់គ្រងពលករថៃខុសច្បាប់ដ៏ច្រើនខាងលើ ដែលនឹងត្រលប់មកប្រទេសដើមកំណើតវិញ ដោយសារតែភ័យខ្លាចឆ្លងជំងឺ COVID-19 នៅប្រទេសកូរ៉េខាងត្បូង។

ថ្លែងក្នុងកិច្ចប្រជុំខាងលើលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «បញ្ហាគឺនៅត្រង់ថា តើយើងត្រូវគ្រប់គ្រងមនុស្ស យ៉ាងច្រើនបែបនេះដោយរបៀបណា ប្រសិនបើពួកគេទាំងអស់ត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេឯង។ រដ្ឋាភិបាលត្រូវតែរកវិធានការ មួយដែលត្រឹមត្រូវ។ ខ្ញុំដឹងថាប្រជាជនមិនមានទំនុកចិត្តទេ ហើយមានភ័យខ្លាចជាខ្លាំង។ ប៉ុន្តែសុំបញ្ជាក់ថាមន្ត្រីសុខាភិបាល និងបុគ្គលិកពេទ្យ គឺបានត្រៀមរៀបចំយ៉ាងល្អ»។

បើតាមផែនការ តំបន់ពិសេសមួយនឹងត្រូវរៀបចំឡើងនៅអាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីឱ្យពលករខុសច្បាប់ទាំងនោះ នៅដាច់ឆ្ងាយពី គេឯងសិន។ ចំពោះអ្នកដែលបង្ហាញរោគសញ្ញាណាមួយ នៃជំងឺ COVID-19 នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈពេលដែលអ្នកដែល មិនមានរោគសញ្ញាទេ នឹងត្រូវបានស្នើសុំឲ្យនៅស្ថិតនៅដាច់ដោយឡែកពីគេ នៅឯគេហដ្ឋានរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

គួរជម្រាបថា បច្ចុប្បន្នជំងឺ COVID-19 កំពុងមានការរីករាលដលយ៉ាងខ្លាំង នៅក្រៅប្រទេសចិនជាពិសេសនៅប្រទេសចំនួន ០៣ គឺកូរ៉េខាងត្បូង អ៉ីតាលី និងអ៉ីរ៉ង់។ រីឯនៅក្នុងប្រទេសថៃ នាពេលនេះចំនួនអ្នកដែលបានឆ្លងជំងឺ COVID-19 គឺកើនដល់ ៤៣ករណីក្រោយ ១ករណីថ្មីទៀតត្រូវបានរកឃើញនៅថ្ងៃចន្ទសប្តាហ៍នេះ ហើយក៏មានអ្នកជំងឺម្នាក់បានស្លាប់ផងដែរ កាលពីថ្ងៃអាទិត្យម្សិលមិញ៕