(រ៉ូម)៖ រដ្ឋាភិបាលអ៉ីតាលី នៅថ្ងៃពុធនេះ បានសម្រេចចិត្តបិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេសរហូត ដល់ពាក់កណ្ដាលខែមីនា ខណៈចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនដល់៧៩នាក់ និងច្រើនជាង២,៥០០នាក់ បានឆ្លងជំងឺ ដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

ការសម្រេចចិត្តបែបនេះ របស់រដ្ឋាភិបាលអ៉ីតាលី គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងវាយលុកខ្លាំងជាងលើតំបន់ភាគខាងជើងនៃប្រទេស។

បើតាមប្រភពពីមន្ត្រីអីតាលីម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ការបិទសាលារៀន និងសាកលវិទ្យាល័យ នឹងត្រូវធ្វើឡើងចាប់ពី ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ហើយការបង្រៀនតាមប្រព័ន្ធអ៉ីនធើណិត នឹងចាប់ផ្ដើមនៅថ្ងៃសុក្រ។ ប៉ុន្តែ មិនទាន់មានការប្រកាសជាផ្លូវការ ណាមួយនៅឡើយទេ៕