(អាមេរិក)៖ កាលពីជាង ៣ពាន់លានឆ្នាំមុនតើភពផែនដីយើង មានលក្ខណៈដូចម្តេចទៅ? ភស្តុតាងថ្មីៗចុងក្រោយបានបង្ហាញថា ផែនដីកាលពីទើបមានអាយុ ១.៥ពាន់លានឆ្នាំ គឺគ្មានទ្វីបអ្វីទាំងអស់ ហើយអ្វីដែលស្រោបជុំវិញភពមួយនេះ គឺជាផ្ទៃទឹកសុទ្ធសាធតែម្តង។ នេះបើតាមការ ចេញផ្សាយដោយ Space នាយប់ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយលោក Benjamin Johnson នៃសាកលវិទ្យាល័យវិទ្យាសាស្ត្របរិយាកាស និងភូមិសាស្ត្រប្រចាំរដ្ឋ Iowa សហរដ្ឋអាមេរិកបានលើកឡើងថា «ផែនដីធ្លាប់ជាភពស្រោបដោយ ទឹកក្តៅទាំងស្រុងតែម្តង ហើយចំណុចខ្លះមានចលនាពុះកញ្ជ្រោលកើតឡើង ហើយចំហាយដែលបញ្ចេញពីការពុះកញ្ជ្រោលនោះ បានអណ្តែតឡើងលើផ្ទៃមេឃ ក្លាយជាបរិយាកាសរបស់ភពតែម្តង»

បច្ចុប្បន្នផែនដីយើងត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា មានអាយុកាល ៤.៦ពាន់លានឆ្នាំទៅហើយ ដោយវាបានឆ្លងកាត់នូវយុគសម័យអាក្រក់ៗជាច្រើន ដែលមានទាំងការក្លាយដុំភ្លើង ដុំទឹកកក និងពេលនេះគឺជាមានការអះអាងថា ផែនដីធ្លាប់ជាដុំមូល ដែលស្រោបដោយទឹកទាំងស្រុងថែមមួយទៀត។ ក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះមិនបានបញ្ជាក់ថា តើទឹកនៅលើភពផែនដី មានប្រភពមកពីណាឲ្យប្រាកដនោះឡើយ ប៉ុន្តែទ្រឹស្តីនានាដែលគាំទ្រដល់ការសិក្សាថ្មីនេះថា ភពផែនដីធ្លាប់ត្រូវបានស្រោបដោយទឹកទាំងស្រុងនោះ គឺមានគ្រប់គ្រាន់។

គួរបញ្ជាក់ថា សម្រាប់លទ្ធផលនេះ គឺអាចមិនមែនជាលទ្ធផលសិក្សាថ្មីទាំងស្រុងនោះឡើយ ព្រោះអ្នកវិទ្យាសាស្ត្រពីមុនៗ ក៏ធ្លាប់បានអះអាងផងដែរថា ផែនដីធ្លាប់គ្របដណ្តប់ស្ទើរតែទាំងស្រុងដោយផ្ទៃទឹក ប៉ុន្តែដោយសារតែចលនាកញ្ជ្រោល នៃស្រទាប់ក្តៅៗនៅក្នុងផ្ទៃផែនដី និងការប្រែប្រួលស្រទាប់តិចតូនិក បានធ្វើឲ្យកើតមានពំនើងផ្នត់ (កោះផុសចេញពីផ្ទៃទឹក) និងបន្ទុះភ្នំធំៗជាច្រើនកន្លែងទូទាំងភពផែនដី ហើយយូរៗកោះធំតូចទាំងអស់រួមទាំងកោះភ្នំភ្លើង បានប្រមូលផ្តុំគ្នាក្លាយជាទ្វីបធំមួយ រួចទើបបែកខ្ញែកវិញក្លាយជាទ្វីបចំនួន ៧ ដូចបច្ចុប្បន្ន៕