(សេអ៊ូល)៖ កូរ៉េខាងត្បូងនាល្ងាចថ្ងៃពុធនេះ ទើបតែបានប្រកាសពីករណីឆ្លងមេរោគ COVID-19 ថ្មីៗចំនួន ២៩៣ករណីថែមទៀត ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៥,៦២១ករណី ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងពី ៣២នាក់ឡើងដល់ ៣៣នាក់ផងដែរ។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

នៅព្រឹកថ្ងៃពុធនេះកូរ៉េខាងត្បូងបានប្រកាសពីករណីឆ្លងថ្មីៗចំនួន ១៤២នាក់ ដែលពេលនោះបានធ្វើឲ្យចំនួនសរុបមាន ៥,២៣៨ករណីទៅហើយ ប៉ុន្តែនាល្ងាចថ្ងៃដដែលនេះចំនួនអ្នកឆ្លង ២៩៣ករណីថ្មីៗទៀតត្រូវបានបូកបន្ថែម ទើបធ្វើឲ្យចំនួនសរុបឡើងដល់ ៥,៦២១ករណី។

កាលពីរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ កូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញ អ្នកឆ្លងសរុបចំនួន ៨៥១ករណី ដែលតួលេខករណីថ្មីប្រចាំថ្ងៃធំជាងគេបំផុត ខណៈនៅថ្ងៃពុធនេះ បើគិតពីតួលេខករណីឆ្លងថ្មីៗសរុបគឺមានត្រឹមតែ ៤៣៥ករណី។

មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺរបស់កូរ៉េខាងត្បូងហៅកាត់ថា KCDC បានបញ្ចេញរបាយការណ៍ជាប្រចាំថ្ងៃ អំពីតួលេខនៃករណីឆ្លងមេរោគ COVID-19 នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះពីរលើកក្នុងមួយថ្ងៃ គឺម្តងនៅម៉ោង ១០៖០០នាទីព្រឹក និងម្តងទៀតនៅម៉ោង ៥៖០០នាទីល្ងាច (ម៉ោងនៅទីក្រុងសេអ៊ូលកូរ៉េខាងត្បូង)។

គួរជម្រាបថា ក្នុងកំឡុងពេលពីរសប្តាហ៍កន្លងទៅនេះ កូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 សរុបចំនួន ៥,១៥៥ករណី គិតចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ហើយបានបង្កើនការប្រកាសអាសន្នរបស់ខ្លួន ដល់កម្រិតខ្ពស់បំផុតពណ៌ក្រហម។ ដោយឡែកក្នុងចំណោមករណីដ៏ច្រើនខាងលើនេះ មានអ្នកជំងឺត្រឹម ៤១នាក់ប៉ុណ្ណោះបានចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ៕