(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌានាថ្ងៃពុធនេះបានឲ្យដឹងថា ក្នុងសប្តាហ៍នេះករណីឆ្លង COVID-19 ចំនួន២៥ថ្មី ត្រូវបានរកឃើញនៅ ក្នុងប្រទេសឥណ្ឌា ហើយស្របពេលជាមួយគ្នា មនុស្សយ៉ាងតិច៧៩នាក់ក៏ត្រូវបានធ្វើតេស្តរកឃើញជំងឺគ្រុនផ្តាសាយជ្រូក H1N1 ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌា លោក Harsh Vardhan បាននិយាយថា ក្នុងចំណោមករណី COVID-19 ថ្មីខាងលើ រួមមានទាំងជនជាតិ អ៉ីតាលីចំនួន១៦នាក់ និងអ្នកបើករថយន្តជនជាតិឥណ្ឌាម្នាក់ ដែលបានជូនពួកគេធ្វើដំណើរកម្សាន្ត។ បើបូក២៥ករណីថ្មីនេះ ជាមួយ៣ករណីមុនវិញ ចំនួន ករណីឆ្លង COVID-19 សុរបនៅក្នុងប្រទេសឥណ្ឌាគឺ២៨ករណី ប៉ុន្តែអ្នក៣ករណីមុននោះ ត្រូវបានព្យាបាលជាសះស្បើយអស់ហើយ។

ទន្ទឹមគ្នានេះដែរ មនុស្សយ៉ាងតិច៧៩នាក់ ទើបត្រូវបានរកឃើញថា មានជំងឺ H1N1 នៅស្រុក Meerut នៃរដ្ឋ Uttar Pradesh ភាគខាងជើង ប្រទេសឥណ្ឌា ដែលក្នុងចំណោមអ្នកទាំងនោះ មានមន្រ្តីប៉ូលិស២០នាក់។

គួរជម្រាបថា ជំងឺផ្តាសាយជ្រូក H1N1 បានចាប់ផ្តើមលេចឡើងជាថ្មីគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសឥណ្ឌា កាលពីខែកុម្ភៈកន្លងទៅ ដោយ ក្នុងរដ្ឋ Uttar Pradesh មានមនុស្សយ៉ាងហោច៩នាក់ស្លាប់ដោយសារជំងឺនេះ៕