(សិង្ហបុរី)៖ ក្រុមហ៊ុនអាកាសចរណ៍ នូវែលសេឡង់ (New Zealand) បានរាយការណ៍ឲ្យដឹងនាព្រឹកថ្ងៃពុធនេះថា មានអ្នកដំណើរម្នាក់ ដែលបានធ្វើដំណើរពីសិង្ហបុរី ទៅកាន់អាកាសយានដ្ឋានអកឡេនដ៍ (Auckland) ត្រូវបានគេតេស្តរកឃើញថា មានផ្ទុកមេរោគ COVID-19 ដែលប្រការនេះបានធ្វើឲ្យករណីរកឃើញ អ្នកផ្ទុកវីរុសនេះនៅនូវែលសេឡង់កើនដល់ ០២ករណី។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

យោងតាមកាសែត New Zealand Herald បានគូសបញ្ជាក់ថា ជនរងគ្រោះខាងលើគឺជាស្ត្រីម្នាក់ ដែលទើបតែបានត្រឡប់មកពីវិស្សមកាល នៅភាគខាងជើងប្រទេសអ៊ីតាលី មកកាន់ប្រទេសសិង្ហបុរី រួចទើបបន្តដំណើរមកកាន់នូវែលសេឡង់។ កាសែតនេះបានបន្ថែមទៀតថា បច្ចុប្បន្នស្ត្រីម្នាក់នោះ នាងកំពុងដាក់ឲ្យស្ថិតនៅដោយឡែកពីគេនៅឯផ្ទះរបស់នាង ចំណែកឯដៃគូរបស់នាង ក៏ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេឯងដែរ ដើម្បីពិនិត្យរករោគសញ្ញា។

ដោយឡែកក្រុមហ៊ុនអាកាសចរណ៍នានាកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងទីភ្នាក់ងាររដ្ឋាភិបាលដើម្បីកំណត់អត្តសញ្ញាណ និងអតិថិជនទាំងអស់ ដែលបានធ្វើដំណើរជាមួយអ្នកជំងឺខាងលើ។

គួរបញ្ជាក់ថា នៅដើមសប្តាហ៍នេះនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានអះអាងថា ប្រទេសដីកោះមួយនេះ បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទប់ទល់ការរីករាលដាលនៃមេរោគ COVID-19 នៅទូទាំងប្រទេស ជាពិសេសនោះគឺការត្រួតពិនិត្យជាប់ជានិច្ច លើអ្នកដំណើរមកពីប្រទេសនានា ដែលមានផ្ទុះករណីឆ្លងវីរុសនេះខ្លាំងក្លាជាងគេ៕