(វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវទើបតែបានណែនាំឲ្យស្ថាប័នរដ្ឋាភិបាល​ ពិចារណាលុបចោលឬពន្យារពេលការធ្វើទស្សនកិច្ច​ការងារ របស់​បុគ្គលិករដ្ឋទៅកាន់ប្រទេសទាំងឡាយ ដែលមានការបន្តកើនឡើងនៃករណីឆ្លងជំងឺ COVID-19។​ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មាន​ ស៊ីនហួរ នៅថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។

ប៉ុន្តែក្នុងករណីដែលចាំបាច់ត្រូវធ្វើដំណើរចេញពីក្រៅប្រទេស បុគ្គលិករដ្ឋាភិបាល ត្រូវអនុវត្តតាមឲ្យបានខ្ជាប់ខ្ជួនចំពោះវិធានការទប់ស្កាត់​និងគ្រប់គ្រងការរាតត្បាតនៃជំងឺ ដែលដាក់ចេញដោយប្រទេសជាម្ចាស់ផ្ទះ ហើយនៅពេលត្រឡប់មកវិញត្រូវគោរពតាមចំណាត់ការ ដែល​ដាក់ចេញដោយអាជ្ញាធរសុខាភិបាលឡាវ។​ មួយវិញទៀត អាជ្ញាធរឡាវបានទទូចឲ្យសាធារណជន ប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ អំពីជំងឺ COVID-19 ហើយជឿតែទៅលើប្រភពផ្លូវការ និងគួរឲ្យទុកចិត្តប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ អាជ្ញាធរឡាវទទួលបន្ទុកការទប់ស្កាត់ជំងឺ COVID-19 បានប្រាប់ឲ្យបណ្តាទីភ្នាក់ងារទេសចរណ៍កុំរៀបចំការធ្វើដំណើរកម្សាន្ត​ទៅកាន់ប្រទេស ដែលមានការរីករាលដាលនៃជំងឺ COVID-19 ហើយបានហាមមិនឲ្យក្រុមទេសចរណ៍ ដែលមកពីប្រទេសទាំង​នោះចូលក្នុង​ប្រទេសឡាវជាបណ្តោះអាសន្ន។ ឡាវក៏បានស្នើឲ្យតំណាងស្ថាប័នអន្តរជាតិនិងស្ថានទូតនានា ជាពិសេសស្ថានទូតរបស់ប្រទេសដែល​មានការរីករាលដាលនៃជំងឺ COVID-19 ផ្តល់ការសហការជាមួយអាជ្ញាធរឡាវផងដែរ។

គួរជម្រាបថា មកទល់ពេលនេះ ពុំមានករណីឆ្លង COVID-19 ត្រូវបានរាយការណ៍នៅក្នុងប្រទេសឡាវនោះឡើយ ខណៈប្រទេសដែលនៅ​ជុំវិញ ដូចជាថៃ កម្ពុជា និងវៀតណាម​ សុទ្ធតែមានករណីអ្នកឆ្លងជំងឺនេះ ក៏ប៉ុន្តែករណីឆ្លងនៅកម្ពុជា១ករណី និង១៦ករណី​នៅវៀតណាម ត្រូវបានព្យាបាលជាសះស្បើយអស់ហើយ។ ដោយឡែកនៅថៃដែលមាន៤៣ករណី ក្នុងនោះ៣១នាក់បានជាសះស្បើយ ១១នាក់កំពុង​​បន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្នាក់ស្លាប់៕