(ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលី បានប្រកាសឲ្យដឹងពីការរកឃើញករណីដំបូង នៃការឆ្លងជំងឺ COVID-19 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ លើចំនួនពីរករណីដំបូង ដែលពួកគេរស់នៅក្នុងទីក្រុងស៊ីដនី ហើយនាពេលថ្មីៗនេះមិនដែលបានធ្វើដំណើរទៅក្រៅប្រទេសឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Sydney Morning Herald នៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។

ជនរងគ្រោះទាំងពីរនាក់ខាងលើ មានម្នាក់ជាប្អូនស្រីរបស់បុរសម្នាក់ដែលបានឆ្លងជំងឺ COVID-19 បន្ទាប់ពីបុរសម្នាក់នោះ បានវិលត្រលប់មកពីប្រទេសអ៊ីរ៉ង់វិញ។ រីឯម្នាក់ទៀត គឺជាបុគ្គលិកថែទាំងសុខភាពអាយុ៥៣ឆ្នាំ ដែលមិនបានធ្វើដំណើរចេញក្រៅប្រទេសទាល់តែសោះ ក្នុងអំឡុងពេល៣ខែកន្លងមកនេះ។ អ្នកទាំងពីរកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ Westmead ក្នុងទីក្រុងស៊ីដនី។

គួរជម្រាបថា ខាងលើករណីដំបូងហើយ ដែលមនុស្សនៅក្នុងប្រទេសអូស្ត្រាលី ដែលមិនបានធ្វើដំណើរចេញក្រៅ តែបានឆ្លងជំងឺ COVID-19។ ករណីឆ្លងពីមុនៗមក គឺសុទ្ធតែជាមនុស្សដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសចិន ដែលជាប្រភពនៃជំងឺនេះ ឬក៏បានធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ ឬក៏ជាអ្នកដំណើរនៅលើនាវាកម្សាន្ត Daimond Princess ដែលត្រូវបានបង្ខាំងនៅប្រទេសជប៉ុនដោយសារតែមានការឆ្លងរាលដាលនៃជំងឺ COVID-19។

សេចក្តីប្រកាសនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋ Tasmania នៃប្រទេសអូស្ត្រាលី បានបញ្ជាក់ពីការរកឃើញករណីដំបូង នៃអ្នកឆ្លងជំងឺ COVID-19។ សរុបមកទល់ពេលនេះ អ្នកឆ្លងជំងឺនេះនៅអូស្រ្តាលី បានកើនដល់៣០នាក់ហើយ ដោយក្នុងនោះមានម្នាក់ស្លាប់ ដែលជាអតីតអ្នកដំណើរនៃកប៉ាល់ Diamond Princess៕