(រ៉ូម)៖ អាជ្ញាធរសុខាភិបាលអ៉ីតាលីបានបញ្ជាក់ថា តួលេខនៃអ្នកដែលបានឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ក្នុងប្រទេសអ៉ីតាលី បានបន្តកើនដល់ជិត ១,៧០០នាក់ហើយ ខណៈអ្នកស្លាប់បានកើនដល់ ៣៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។

ក្នុងចំណោមនោះ ករណីភាគច្រើនគឺស្ថិតនៅតំបន់ភាគខាងជើងនៃប្រទេសអ៉ីតាលី ដោយ ៩៨៤ករណីនៅតំបន់ឡុមបាឌី (Lombardy), ២៨៥ករណីនៅតំបន់ អេមីលៀ រ៉ូម៉ាញ៉ា (Emilia-Romagna), និង ២៦៣ករណីនៅតំបន់ វែណេតូ (Veneto) ស្របពេលដែលតំបន់សរុបចំនួន ១៥ និងខេត្តស្វយ័តចំនួនមួយ សុទ្ធតែមានអ្នកឆ្លងជំងឺ COVID-19។ ប៉ុន្តែមានតែតំបន់ Lombardy, Emilia-Romagna, និង Veneto ដែលមានដល់ខ្ទង់រយករណី។

គួរជម្រាបថា ទោះបីមានអ្នកស្លាប់ ៣៤នាក់រួចទៅហើយក៏ដោយ អាជ្ញាធរសុខាភិបាលអ៉ីតាលីនៅតែអះអាងថា ករណីភាគច្រើនគឺមិនសូវជាធ្ងន់ធ្ងរនោះទេ ហើយអាជ្ញាធរនៅតែបន្តបិទតំបន់មួយចំនួនដដែល ស្ថិតនៅភាគខាងជើងប្រទេស ដូចជាតំបន់ Lombardy និង Veneto ជាដើម៕