(គូឡាំឡាំពួ)៖ នៅទីបំផុតព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី បានសម្រេចព្រះទ័យតាំងលោក មូហ៍យីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

ព្រះរាជវាំងនៃប្រទេសម៉ាឡេស៊ី បានប្រកាសចេញនូវព័ត៌មានខាងលើនេះ ខណៈដែលស្ថានការណ៍នយោបាយនៅក្នុងប្រទេស ហាក់មានសភាពវឹកវរខ្លាំងឡើងៗ ដែលគេបានមើលឃើញច្បាស់ ទៅលើការព្យាយាមប្រកួតប្រជែងអំណាចគ្នារវាងបណ្ឌិត មហាធៀ មហាំម៉ាត់ និងលោក អាន់វ៉ា អ៉ីប្រាហ៊ីម ដែលធ្លាប់ជាដៃគូក្នុងរដ្ឋាភិបាលចំរុះ។

នៅក្នុងសេចក្តីថ្លែងការណ៍ពីព្រះរាជវាំងម៉ាឡេស៊ីបានឲ្យដឹងយ៉ាងដូច្នេះថា «ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រ ក្នុងការជ្រើសតាំងលោក Muhyiddin (ប្រធានគណបក្ស Bersatu) ជានាយករដ្ឋមន្ត្រីគឺស្របទៅតាមរដ្ឋធម្មនុញ្ញមាត្រា ៤០ និង ៤៣ នៃសហព័ន្ធម៉ាឡេស៊ី»។ បន្ថែមពីនេះការស្បថឡើងកាន់តំណែង និងត្រូវធ្វើឡើងនៅព្រះរាជវាំង អ៉ីស្តាណា ណេហ្គារ៉ា (Istana Negara) នៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០៖៣០នាទីព្រឹក៕