(ប៉េកាំង)៖ របាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិន បានចេញមកហើយ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៨៣៥នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៩,២៥១ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ មនុស្សសរុប ៤២៧នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៤៧នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ មាន៤៥នាក់ នៅក្នុងខេត្តហ៊ូប៉ី (Hubei), ម្នាក់នៅក្នុងទីក្រុងប៉េកាំង និងម្នាក់ទៀតខេត្តហេណា (Henan)។ ក្រៅពីមនុស្សឆ្លង និងបាត់បង់ជីវិតបន្ថែមទៀតនោះ អាជ្ញាធរសុខាភិបាលចិនក៏កំពុងពិនិត្យសុខភាពមនុស្ស ២៤៨នាក់បន្ថែមទៀតផងដែរ ដោយសង្ស័យថា ពួកគេអាចមានផ្ទុក COVID-19៕