(តេហេរ៉ង់)៖ អតីតអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំបុរី វ៉ាទីកង់ (Vatican) លោក Hadi Khosrowshahi បានទទួលមរណភាពហើយ ដោយសារតែជំងឺ COVID-19។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Al Arabiya នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

សារព័ត៌មាន Al Arabiya ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ Tasnim ដែលបានរាយការណ៍ពីមរណភាព របស់លោក Hadi មានវ័យ៨១ឆ្នាំ នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងតេហេរ៉ង់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំថ្ងៃតែមួយដែលសារព័តមានអ៉ីរ៉ង់ IRNA រាយការណ៍ថា លោកស្រី Masoumeh Ebtekar ជាអនុប្រធានាធិបតីម្នាក់របស់អ៉ីរ៉ង់ ត្រូវបានធ្វើតេស្តរកឃើញថា ឆ្លងជំងឺ COVID-19 នេះដែរ។

លោកស្រី Ebtekar គឺជាអនុប្រធានាធិបតីអ៉ីរ៉ង់ទទួលបន្ទុកកិច្ចការស្រ្តី និងគ្រួសារ។ ក្នុងថ្ងៃដដែលនេះ ក៏មានព័ត៌មានដែរថា លោក Mojtaba Zonnour ដែលជាប្រធានគណៈកម្មការគោលនយោបាយការបរទេស និងសន្តិសុខជាតិនៃសភាអ៉ីរ៉ង់ ក៏បានឆ្លងផងដែរ បន្ទាប់ពីអនុរដ្ឋមន្រ្តី សុខាភិបាលអ៉ីរ៉ង់ លោក Iraj Harirchi ត្រូវបានធ្វើតេស្តរកឃើញថា មានជំងឺនេះ កាលពីថ្ងៃអង្គារ។

គួរជម្រាបថា បើតាមអាជ្ញាធរអ៉ីរ៉ង់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងប្រទេសអ៉ីរ៉ង់មានអ្នកឆ្លងជំងឺ COVID-19 សរុបកើនដល់២៤៥នាក់ ហើយក្នុងនោះមាន២៦នាក់បានបាត់បង់ជីវិត ខណៈអ៉ីរ៉ង់បានរកឃើញករណីដំបូងបំផុតនៃអ្នកឆ្លង នៅទីក្រុង Qom ភាគកណ្តាល ប្រទេសកាលពីថ្ងៃទី១៨ ខែកុម្ភៈ៕