(ហុងកុង)៖ អាជ្ញាធរសុខាភិបាលទីក្រុងហុងកុង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា សត្វសុនខមួយក្បាលដែលត្រូវបានគេយកមកធ្វើតេស្តនោះ ពិតជាមានផ្ទុកមេរោគ COVID-19 ប្រាកដមែន ប៉ុន្តែក្រុមជំនាញវេជ្ជសាស្ត្រនៅមិនទាន់អាចបញ្ជាក់ឲ្យច្បាស់លាស់ថា តើសត្វចិញ្ចឹមមួយក្បាលនេះបានឆ្លងជំងឺពីមនុស្ស មែន ឬមួយក៏យ៉ាងណានោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New Straits Times នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

ទោះបីសុនខមួយក្បាលខាងលើនេះ ត្រូវបានរកឃើញថាមានផ្ទុក COVID-19 ក៏ពិតមែន ប៉ុន្តែវាស្ថិតនៅក្នុងស្ថានភាពស្រាលប៉ុណ្ណោះ ហើយមេរោគនោះក៏មិនបញ្ចេញរោគសញ្ញា អ្វី នៅលើខ្លួនរបស់វានោះឡើយ។ ជុំវិញបញ្ហានេះនាយកដ្ឋានអភិរក្សរុក្ខាប្រមាញ់ និងនេសាទរបស់់ ទីក្រុងហុងកុងហៅកាត់ថា AFCD បានលើកឡើងថា «បច្ចុប្បន្ននេះ AFCD មិនទាន់មានភស្តុតាងណាមួយ ដែលបញ្ជាក់ថា សត្វចិញ្ចឹមនានាអាចឆ្លង ឬក៏ជាប្រភពនៃការចម្លងរោគ COVID-19 ដល់មនុស្សនោះឡើយ...»

គួរបញ្ជាក់តាម AFCD ទៀតថា សុនខមួយក្បាលខាងលើនេះ ត្រូវដាក់នៅក្នុងការតាមដាន និងព្យាបាលសម្រាប់រយៈពេល ១៤ថ្ងៃបន្តទៀត។ កន្លងមកនេះអង្គការសុខភាពពិភពលោក WHO ក៏មិនទាន់បានបង្ហាញភស្តុតាងណាមួយថា សត្វនានាអាចឆ្លងវីរុសកូរ៉ូណាថ្មីពីមនុស្ស ឬក៏ជាភ្នាក់ងារចម្លងមេរោគនោះដែរ។ ដោយឡែកនៅទីក្រុងហុងកុង អ្នកឆ្លងមេរោគ COVID-19 មានសរុប ៩៣ករណីហើយ ដោយក្នុងនោះ ០២នាក់បានស្លាប់ ហើយមួយចំនួនធំក្នុងចំណោមអ្នកដែលបានឆ្លងនោះ ក៏ត្រូវបានក្រុមគ្រូពេទ្យព្យាបាលឲ្យជាសះស្បើយរួចមកហើយដែរ៕