(តូក្យូ)៖ រដ្ឋមន្រ្តីអប់រំជប៉ុនលោក កូអ៊ីជិ ហាគិយូដា (Koichi Hagiuda) នាថ្ងៃសុក្រនេះបានសេចក្តីប្រកាសមួយទៀត ដោយតម្រូវឲ្យសិស្សានុសិស្សទាំងអស់ស្ថិតនៅក្នុងផ្ទះ និងកុំទៅសាលារៀន ដែលត្រូវបានបិទទ្វារជាដាច់ខាត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Hagiuda បានលើកឡើងយ៉ាងដូច្នេះថា «យើងសូមស្នើឲ្យមានកិច្ចសហប្រតិបត្តិការ ពីក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដើម្បីធានាឲ្យបានថា សិស្សសាលាទាំងអស់នឹងស្ថិតនៅក្នុងផ្ទះរបស់ពួកគេ ដោយមិនចេញដើរហើរនៅខាងក្រៅឡើយ លុះត្រាតែមានករណីចាំបាច់ជាខ្លាំង»។ ការលើកឡើងបែបនេះ របស់លោករដ្ឋមន្រ្តីអប់រំជប៉ុន បានកើតមានបន្ទាប់ពីក្រសួងអប់រំជប៉ុនបានសម្រេចជាផ្លូវការ នឹងបិទទ្វារសាលារៀន ថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនានានៅក្នុងប្រទេសជប៉ុន ចាប់ពីថ្ងៃទី០២ ខែមីនា គឺថ្ងៃចន្ទសប្តាហ៍ក្រោយ។

គួរជម្រាបថា នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានប្រកាសពីការបិទទ្វារសាលារៀន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈដែលការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល របស់លោកនាយករដ្ឋមន្ត្រីជប៉ុន គឺបានកើតឡើងស្របពេលដែលចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនឡើងរហូតដល់ ២០០ករណីនៅទូទាំងប្រទេសជប៉ុន ដោយមិនរាប់បញ្ចូលអ្នកជំងឺជាង ៧០០នាក់ ដែលត្រូវបានរកឃើញលើនាវាទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) នោះឡើយ៕