(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគ COVID-19 សរុប ២៥៦នាក់បន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះតែម្តង ដែលជាហេតុនាំឲ្យ ចំនួននៃការឆ្លងសរុបកើនដល់ ២,០២២ករណីនៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើងដែលនៅជាប់គ្នា ហើយតំបន់ទាំងពីរនេះស្ថិតនៅ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

សម្រាប់ចំនួនមនុស្សបាត់បង់ជីវិតវិញគឺ ១៣នាក់ដដែល។ សម្រាប់អ្នកឆ្លង ២៥៦នាក់ថ្មីៗ ដែលទើបត្រូវបានប្រកាសនេះគឺមាន ១៨២នាក់រស់នៅក្នុងទីក្រុង Daegu និង ៤៩នាក់ស្ថិតនៅខេត្តគ្យុងសាងខាងជើង។ តំបន់ទាំងពីរនេះស្ថិតនៅចម្ងាយប្រមាណជាង ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។ ដោយឡែកខេត្ត និងក្រុងធំៗមួយចំនួនទៀត ក៏បានរកឃើញករណីឆ្លងជំងឺ COVID-19 នេះផងដែរ ក្នុងនោះទីក្រុងសេអ៊ូល មានអ្នកឆ្លងសរុប ០៦នាក់។

គួរបញ្ជាក់តាមអាជ្ញាធរការពារ និងទប់ស្កាត់ជំងឺកូរ៉េខាងត្បូងហៅកាត់ថា KCDC ឲ្យដឹងទៀតថា ចំនួនអ្នកឆ្លងមានការកើនឡើងយ៉ាងគំហុកបែបនេះ ដោយសារតែអាជ្ញាធរបានដាក់ការពិនិត្យ សុខភាព ទៅលើមនុស្សជាង ២១០,០០០នាក់ ដែលមានជាប់ពាក់ព័ន្ធទៅហ្នឹងព្រះវិហារ សាសនាគ្រិស្តនៅក្នុងទីក្រុង Daegu ជាទីដែលគេរកឃើញថា ជាប្រភពដើមនៃការចម្លងដ៏សាហាវនៃមេរោគ COVID-19៕