(ប៉េកាំង)៖ របាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិន បានចេញមកហើយ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៧៨៨នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៨,៨២៤ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សសរុប ៣២៧នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៤៤នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន៣១ ទូទាំងប្រទេសចិន។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺ COVID-19 ដែលបានស្លាប់ទាំង ៤៤នាក់ខាងលើនេះគឺមាន ៤១នាក់ស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី (Hubei), ០២នាក់នៅរដ្ឋធានីប៉េកាំង និងម្នាក់នៅហ្ស៊ីនជាំង។ ក្រៅពីមនុស្សឆ្លង និងបាត់បង់ជីវិតបន្ថែមទៀតនោះ អាជ្ញាធរសុខាភិបាលចិន ក៏កំពុងពិនិត្យសុខភាពមនុស្ស ៤៥២នាក់បន្ថែមទៀតផងដែរ ដោយសង្ស័យថាពួកគេអាចមានផ្ទុក COVID-19៕