(បាងកក)៖ ក្រុមសមាជិសភាថៃជាច្រើននាក់ បានបង្ហាញការព្រួយបារម្ភរបស់ពួកគេ ពីលទ្ធភាពនៃការផ្ទុះឡើងនូវការឆ្លងជំងឺ COVID-19 នៅក្នុងសភាជាតិ បន្ទាប់ពីសមាជិកសភាម្នាក់ត្រូវបានគេរាយការណ៍ថា មានរោគសញ្ញាគ្រុនក្ដៅ ក្រោយត្រឡប់មកពីប្រទេសជប៉ុនវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

សមាជិកសភាមកពីទីក្រុងបាងកក របស់គណបក្សចំរុះ ផាឡាង ប្រាឆារ៉ាត់ (Palang Pracharath) អ្នកស្រី ផាត់ឆារិន សំសិរីផុង (Patcharin Samsiripong) បានត្រឡប់មកពីប្រទេសជប៉ុនវិញ កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ ហើយប៉ុន្មានថ្ងៃក្រោយមក អ្នកស្រីស្រាប់តែមានអការៈគ្រុនក្ដៅ។ ប៉ុន្តែអនុប្រធានសភាថៃលោក ស៊ូផាឆៃ ផូស៊ូ (Supachai Phosu) បានអះអាងថា ក្រុមគ្រូពេទ្យមកពីវិទ្យាស្ថានបង្ការជំងឺឆ្លង បំរាស្នារ៉ាឌូរ៉ា (Bamrasnaradura) បានត្រួតពិនិត្យសុខភាពរបស់អ្នកស្រីកាលពីយប់ថ្ងៃពុធ ហើយការធ្វើតេស្ដដំបូង បង្ហាញថា អ្នកស្រី Patcharin មិនមានផ្ទុកជំងឺ COVID-19 នោះទេ។

យ៉ាងណាក៏ដោយ សមាជិកសភាមកពីគណបក្សប្រឆាំងភឿថៃ (Pheu Thai Party) បានស្នើឱ្យតំណាងរាស្ត្រអ្នកស្រី Patcharin សម្រាកមួយរយៈ ហើយក្រុមមន្ត្រីជំនាញគួរតែពិនិត្យថា តើមានសមាជិកសភាដទៃ ធ្លាប់បានធ្វើដំណើរទៅកាន់តំបន់ដែល COVID-19 កំពុងផ្ទុះឡើងខ្លាំងដែរ ឬទេ ខណៈក្រុមអ្នកអនាម័យត្រូវបានណែនាំឱ្យធ្វើការសម្អាត ដើម្បីកម្ចាត់មេរោគនៅក្នុងសភា ក្នុងនោះរួមមានទាំងកៅអី និងក្បាលម៉េក្រូហ្វូនជាដើម។ បច្ចុប្បន្នថៃមានករណីឆ្លង COVID-19 ចំនួន ៤០ករណី ប៉ុន្តែក្នុងនោះភាគច្រើនបានជាសះស្បើយរួចទៅហើយ៕