(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសចិន នាថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា អ្នកជំងឺសរុប ៣២,៤៩៥នាក់ដែលឆ្លងជំងឺ COVID-19 ត្រូវបានព្យាបាលឲ្យជាសះស្បើយ និងត្រលប់ទៅផ្ទះវិញ ខណៈតួលេខអ្នកជាសះស្បើយ នៅតែបន្តខ្ពស់ជាងតួលេខអ្នកឆ្លងថ្មីៗ ០៩ថ្ងៃជាប់ៗគ្នា។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលជាតិចិន នារយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ មនុស្ស ២,៧៥០នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយពីជំងឺ COVID-19 ហើយអ្វីដែលគួរឲ្យកត់សម្គាល់ តួលេខនេះគឺនៅតែបន្តខ្ពស់ជាងតួលេខនៃអ្នកឆ្លងថ្មី ដែលមានចំនួនត្រឹម ៤៣៣នាក់ប៉ុណ្ណោះក្នុងថ្ងៃជាមួយគ្នា។ រីឯចំនួនអ្នកស្លាប់ថ្មីៗក៏មានតិចផងដែរគឺ ២៩នាក់ប៉ុណ្ណោះកាលពីថ្ងៃពុធម្សិលមិញ។

គួរជម្រាបថា បើតាមរបាយការណ៍ថ្មីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅតាមបណ្តាខេត្តនិងតំបន់ចំនួន ៣១ នៃប្រទេសចិនបានកើនដល់ ៧៨,៤៩៧ករណី ដោយក្នុងនោះចំនួនអ្នកស្លាប់ឡើងដល់ ២,៧៤៤នាក់ ប៉ុន្តែខេត្តហ៊ូប៉ី (Hubei) រ៉ាប់រងសឹងតែទាំងអស់នៃករណីទាំងនេះ៕