(គូឡាឡាំពួ)៖ ប្រធានគណបក្ស ផាទី គាឌីឡាន រ៉ាក់យ៉ាត (PKR) លោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) បានថ្លែងនៅថ្ងៃពុធនេះថា សមាជិកទាំងអស់នៃគណបក្សចំរុះ ផាកាតាន់ ហារ៉ាផាន់ (PH) នៅក្នុងសភាជាតិម៉ាឡេស៊ី គាំទ្រលោកធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នាល្ងាចថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ការលើកឡើងរបស់លោក Anwar បានកើតមានឡើងបន្ទាប់ពីលោក មហាធៀ បានធ្វើសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃពុធនេះដោយអះអាងថា ពេលវេលាដែលលោក ត្រូវចុះចេញនោះ គឺមិនទាន់មកដល់នោះឡើយ ហើយបើលោកនៅតែមានការគាំទ្រពីសមាជិកសភាភាគច្រើន នោះលោកនឹងឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីឡើងវិញ។

ចំពោះលោក Anwar វិញ ទោះបីជាលោកបានអះអាងថា គណបក្សចំរុះ(PH) បានគាំទ្រលោកធ្វើជានាយករដ្ឋមន្ត្រីថ្មីក៏ដោយ ក៏លោកបានបដិសេធមិនឆ្លើយនឹង សំនួរថា តើលោកប្រាកដទេថានឹងអាចទទួលបានសំឡេងគាំទ្រ ភាគច្រើននៅក្នុងសភាជាតិ។ ប៉ុន្តែលោក Anwar បានត្រឹមលើកឡើងថា បញ្ហានេះគឺស្ថិតនៅក្នុងការសម្រេចព្រះទ័យ ដោយអង្គព្រះមហាក្សត្រ ហើយវាមិនសមគួរនោះឡើយ ក្នុងការយករឿងនេះមកពិភាក្សានៅពេលនេះ។

ការលើកឡើងរបស់លោក Anwar គឺដូចទៅនឹងសេចក្តីរាយការណ៍ កាលពីមុនផងដែរថា សមាជិកសភាចំនួន ៩២រូប មកពីគណបក្សចំនួន ០៣ ដែលស្ថិតនៅក្នុងគណបក្សចំរុះ PH មានដូចជា គណបក្ស PKR, គណបក្សសកម្មភាពនៃប្រជាធិបតេយ្យ (DAP) និងគណបក្ស ផាទី អាម៉ាណាហ៍ ណេហ្គារ៉ា (PAN) ត្រូវបានប្រធានគណបក្សរបស់ពួកគេ ណែនាំឲ្យគាំទ្រលោក Anwar Ibrahim ធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី។

គួរបញ្ជាក់ថា សមាជិកសភាជាតិម៉ាឡេស៊ីមានសរុប ២២២រូប ហើយបើតាមច្បាប់ បេក្ខភាពដែលទទួលបានសំឡេងគាំទ្រពីសមាជិកសភាចាប់ពី ៥០+1 ឡើងទៅនោះ នឹងអាចកាន់តំណែងជានាយករដ្ឋមន្ត្រី៕