(សេអ៊ូល)៖ នារសៀលថ្ងៃពុធនេះ កូរ៉េខាងត្បូងបានរាយការណ៍ពីករណីថ្មីចំនួន១១៥នាក់ទៀត នៃអ្នកឆ្លងជំងឺ COVID-19 ដែលប្រការនេះ ធ្វើ ឲ្យចំនួនសរុបបន្តកើនឡើងដល់១,២៦១ករណី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Yonhap News នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ករណីថ្មីខាងលើគឺបន្ថែមពីលើករណីថ្មីចំនួន១៦៩នាក់ ដែលមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កូរ៉េខាងត្បូង KCDC ទើបតែប្រកាស កាលពីព្រឹកថ្ងៃពុធនេះ ដោយក្នុងនោះរួមមានទាហានអាមេរិកម្នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ ក៏មានអ្នកជំងឺ COVID-19 ចំនួន ១២នាក់បាត់បង់ជីវិតផងដែរ។

គួរជម្រាបថា បច្ចុប្បន្នទីតាំងដែលរដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែផ្តោតការយកចិត្តទុកខ្លាំងបំផុតនោះ គឺទីក្រុងដេគូ (Daegu) និងស្រុកឆុងទូ (Cheongdu) ដែលនៅស្ថិតនៅជាប់គ្នា និងជាកន្លែងរ៉ាប់រងចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូង រហូតដល់ទៅជាង៨០ភាគរយឯណោះ៕