(ម៉ានីល)៖ ពលរដ្ឋហ្វីលីពីនសរុបចំនួន៤៤៥នាក់ ដែលបានធ្វើដំណើរលើនាវាទេសចរណ៍ Daimond Princess ជាទីមានការឆ្លងរាតត្បាត​ជំងឺ COVID-19 យ៉ាងខ្លាំងនោះ ឥឡូវនេះកំពុងតែត្រូវអាជ្ញាធរហ្វីលីពីនដាក់ឲ្យនៅដាច់ដោយឡែកពីគេឯងរយៈពេល១៤ថ្ងៃទៀត ក្រោយពួកគេ​ត្រូវបាននាំមកដល់មាតុភូមិវិញ កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងការបរទេសហ្វីលីពីនបានឲ្យដឹងថា ពលរដ្ឋហ្វីលីពីនសរុបទាំងអស់៥៤៨នាក់ មានទាំងបុគ្គលិកកប៉ាល់ និងអ្នកដំណើរ ដែលបានធ្វើ​ដំណើរតាមកប៉ាល់ទេសចរណ៍ខាងលើ ហើយក្នុងនោះ មាន៨០នាក់ ត្រូវអាជ្ញាធរជប៉ុនធ្វើតេស្តឃើញថាបានឆ្លងជំងឺ COVID-19 ហើយអ្នកទាំងនោះគឺកំពុងទទួលការព្យាបាលក្នុងប្រទេសជប៉ុន។

ដោយឡែក សម្រាប់អ្នកដំណើរជាង៤៤០នាក់ទៀត រដ្ឋាភិបាលក្រុងម៉ានីលបានបញ្ជូនយន្តហោះចំនួនពីរគ្រឿង របស់អាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ ដើម្បីទៅដឹកពលរដ្ឋហ្វីលីពីនទាំងនោះ ដែលគេតេស្តទៅមិនឃើញមានឆ្លង COVID-19 ឲ្យមកមាតុប្រទេសវិញ។ ប៉ុន្តែពួកគេ ត្រូវបញ្ជូនទៅស្នាក់នៅមជ្ឈមណ្ឌលមួយកន្លែង ក្នុងក្រុងឈ្មោះថា New Clark សម្រាប់កម្មវិធីដាក់ឲ្យនៅដាច់ដោយឡែកពីគេឯងរយៈពេល ១៤ថ្ងៃ។

គួរជម្រាបថា នាវាទេសចរណ៍ Daimond Princess ខាងលើ ត្រូវបានហាមមិនឲ្យមនុស្សចុះពីលើនោះ នៅឯកំពង់ផែយូកូហាម៉ា ក្នុងប្រទេសជប៉ុនតាំងពីថ្ងៃទី០៥ ខែកុម្ភៈ មកម្លេះ បន្ទាប់ពីត្រូវបានគេរកឃើញថា អ្នកធ្លាប់ធ្វើដំណើរលើនាវានេះ មានបានឆ្លង COVID-19 ។ នាវាដែលមានមនុស្សជាង៣,៥០០នាក់ បានចតនៅកំពង់ផែខាងលើអស់រយៈពេលពីរសប្តាហ៍ ហើយជប៉ុនទើបតែចាប់ផ្តើមអនុញ្ញាតឲ្យ អ្នកដំណើរ ដែលធ្វើតេស្តមិនឃើញ COVID-19 ចុះពីលើកប៉ាល់ ប៉ុន្តែអ្នកដំណើរមួយចំនួនដែលត្រឡប់ទៅដល់ប្រទេសខ្លួនវិញ ត្រូវបាន​អាជ្ញាធរនៅប្រទេសពួកគេធ្វើតេស្តរកឃើញជំងឺនេះ៕