(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា តួលេខសរុបនៃអ្នកជំងឺ COVID-19 ដែលត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពួកគេបានសះស្បើយទាំងស្រុងនោះ មានចំនួនសរុប ២៩,៧៤៥នាក់។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមរបាយការណ៍ប្រចាំថ្ងៃ ចេញផ្សាយដោយគណៈកម្មការសុខាភិបាលជាតិចិន ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ មានអ្នកជំងឺចំនួន ២,៤២២នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ។
ជាមួយគ្នានេះចំនួនករណីឆ្លងថ្មី សម្រាប់តែមួយថ្ងៃអង្គារម្សិលមិញនេះដែរមានចំនួន ៤០៦ករណី ខណៈចំនួនអ្នកស្លាប់សរុបសម្រាប់ថ្ងៃដដែលនោះ មានចំនួន ៥២នាក់នៅទូទាំងបណ្តាខេត្ត និងតំបន់ចំនួន ៣១ របស់ប្រទេសចិន។

គួរបញ្ជាក់ថា បើគិតតាមតួលេខសរុបដែលត្រូវបានបញ្ចេញនៅព្រឹកថ្ងៃពុធនេះ ចំនួនសរុបនៃអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ២,៧១៥នាក់ ខណៈតួលេខសរុប នៃអ្នកដែលបានឆ្លងជំងឺនេះវិញមានរហូតដល់ ៧៨,០៦៤ករណី៕