(ប៉េកាំង)៖ របាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិន បានចេញមកហើយ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៧១៥នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៨,០៦៤ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ មនុស្សសរុប ៤០៦នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៥២នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។

គួរបញ្ជាក់ថា អ្នកជំងឺដែលបានស្លាប់ទាំង ៥២នាក់ខាងលើនេះគឺស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី (Hubei) ទាំងអស់៕