(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រួហានី បានជំរុញឱ្យប្រជាជនអ៉ីរ៉ង់ទាំងអស់ កុំឱ្យភ័យខ្លាចជ្រុលហួសហេតុពេក ខណៈរដ្ឋាភិបាលរបស់ លោកកំពុងតស៊ូប្រយុទ្ធជាមួយការរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

សម្រាប់តួលេខចុងក្រោយនៅអ៉ីរ៉ង់ គឺមនុស្ស ១៦នាក់បាត់បង់ជីវិត ក្នុងចំណោមអ្នកឆ្លងមេរោគ COVID-19 សរុបជាង៩៥ករណី ហើយពេលនេះ អ៉ីរ៉ង់ ក្លាយជាប្រទេសជាប់លេខ ២ ដែលមានអ្នកស្លាប់ច្រើនបំផុតដោយសារ COVID-19 បន្ទាប់ពីប្រទេសចិន។ មិនតែប៉ុណ្ណោះ នៅថ្ងៃអង្គារនេះប្រភពពី ក្រសួងសុខាភិបាលអ៉ីរ៉ង់ បានឲ្យដឹងថា សូម្បីតែអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ លោក អ៉ីរ៉ាច ហារីឈី (Iraj Harirchi) ក៏ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកមេរោគ COVID-19 ផងដែរ។

យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃអង្គារនេះ លោកប្រធានាធិបតីអ៉ីរ៉ង់ ហាសាន់ រួហានី បានជំរុញឱ្យប្រជាជនអ៉ីរ៉ង់ ទាំងអស់ «កុំមានការភ័យខ្លាចជ្រុលហួសហេតុពេក» ខណៈរដ្ឋាភិបាលរបស់លោកកំពុងតស៊ូប្រយុទ្ធជាមួយការរីករាលដាលនៃជំងឺ COVID-19។ លោក បន្ថែមថា លោកជឿជាក់យ៉ាងមុតមាំថាអ៉ីរ៉ង់ អាចនឹងដោះស្រាយវិបត្តិនេះ ក្នុងពេលឆាប់ៗ៕