(គូឡាឡាំពួ)៖ មន្ត្រីព្រះបរមរាជវាំងម៉ាឡេស៊ី បានរាយការណ៍ឲ្យដឹងថា សមាជិកសភាម៉ាឡេស៊ីទាំងអស់ លើកលែងលោក មហាធៀ មហាំម៉ាត់ចេញ ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) កោះហៅឲ្យចូលគាល់ព្រះអង្គម្នាក់ម្តងៗ ដើម្បីបញ្ជាក់ឲ្យដឹងថាតើនរណាគួរតែ ក្លាយជានាយករដ្ឋមន្ត្រីថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យព្រះបរមរាជវាំង លោក Ahmad Fadil បានថ្លែងឲ្យដឹងថា ព្រះមហាក្សត្រម៉ាឡេស៊ីនឹងជួបសម្ភាសន៍ ជាមួយសមាជិកសភា ម្តងម្នាក់ៗ ទាំង២២២រូប ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ ដោយបានចាប់ផ្តើមពីម៉ោង ២៖៣០រសៀលថ្ងៃនេះតែម្តង។ លោកបានបញ្ជាក់ទៀតថា សមាជិកសភាទាំងអស់នោះ ត្រូវបានជូនដំណឹងអំពីបទសម្ភាសន៍ជាមួយព្រះមហាក្សត្រតាំងពីម្សិលមិញមកម្លេះ។

លោក Ahmad Fadil បានបន្ថែមថា បទសម្ភាសន៍នេះគ្រោងនឹងបញ្ចប់ នៅថ្ងៃពុធសប្តាហ៍នេះ។ លោកបានពន្យល់ទៀតថា «អ្វីដែលកើតឡើងនៅថ្ងៃនេះ និងថ្ងៃស្អែក គឺសមាជិកសភា ទាំងអស់ ត្រូវបានកោះអញ្ជើញឲ្យចូលសម្ភាសន៍ផ្ទាល់ជាមួយព្រះមហាក្សត្រ ហើយការសម្ភាសន៍នេះទៀតសោត ក្នុងម្នាក់ៗមានរយៈពេលចន្លោះតែ ២ ទៅ ៣នាទីប៉ុណ្ណោះ»

គួរជម្រាបថា ព្រឹត្តិការណ៍នយោបាយថ្មីៗ ដែលកំពុងកើតមានឡើងនៅប្រទេសម៉ាឡេស៊ី គឺវាបានផ្ទុះឡើងក្រោយពេលដែលលោក មហាធៀ មហាំម៉ាត់ បានថ្វាយលិខិតលាលែងតំណែង ជានាយករដ្ឋមន្ត្រី ទៅកាន់ព្រះមហាក្សត្រយ៉ាងតក់ក្រហល់ និងគួរឲ្យភ្ញាក់ផ្អើលបំផុតកាលពីថ្ងៃចន្ទម្សិលមិញ។ ព្រះមហាក្សម៉ាឡេស៊ីព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) បានសម្រេចព្រះទ័យយល់ព្រមឲ្យលោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) លាលែងចេញពីតំណែងហើយ ប៉ុន្តែទ្រង់ក៏បានសម្រេចឲ្យលោក ស្ថិតនៅជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន រហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង៕