(វ៉ាស៊ីនតោន)៖ ការធ្លាក់ដាំក្បាលចុះនៃទីផ្សារភាគហ៊ុនដែលបង្កឡើងដោយវិបត្តិជំងឺ COVID-19 បានធ្វើឲ្យមហាសេដ្ឋីទាំង៥០០នាក់ នៅលើ ពិភពលោក ខាតបង់ទ្រព្យសម្បត្តិសរុបរហូតដល់១៣៦ពាន់លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

ការកើនឡើងនៃករណីឆ្លងថ្មីជំងឺ COVID-19 នៅក្រៅប្រទេសចិន កំពុងបង្កការភ័យខ្លាចនៅក្នុងចំណោមក្រុមអ្នកវិនិយោគ ដែលបារម្ភខ្លាចក្រែង ការរីករាលដាលកាន់តែខ្លាំងនៃជំងឺនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលលោក។ ជាក់ស្ដែង នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) ទីផ្សារហ៊ុន S&P 500 និង ដូវ ចនស៍ (Dow Jones) ប្រកាសពីការធ្លាក់ចុះហ៊ុនរបស់ពួកគេ ដោយក្នុងនោះផ្សារហ៊ុន Dow Jones បានធ្លាក់ចុះអស់ដល់ទៅ ៣.៥ភាគរយ។ ចំណែកឯផ្សារហ៊ុន ណាសដេក (Nasdaq) ក៏បានធ្លាក់ចុះ ៣.៧ភាគរយផងដែរ នៅពេលបិទទ្វារផ្សារហ៊ុន ខណៈផ្សារហ៊ុននៅទីក្រុង Milan ប្រទេសអ៉ីតាលី ដាំក្បាលចុះក្រោមដល់ទៅ ៦ភាគរយឯណោះ ក្រោយការឆ្លងជំងឺ COVID-19 កើនឡើងដល់ ២២៩ករណី។

គួរជម្រាបថា ការធ្លាក់ចុះផ្សារហ៊ុននេះ បានធ្វើឱ្យខាតបង់ដល់ទ្រព្យសម្បតិ្តរបស់បណ្តាកំពូលមហាសេដ្ឋីនៅលើពិភពលោកផងដែរ ដោយក្នុងនោះត្រឹមរយៈពេលមួយថ្ងៃចន្ទកន្លងទៅ កំពូលមហាសេដ្ឋីអាមេរិក និងជាប្រធានក្រុមហ៊ុន Amazon លោក Jeff Bezos បានខាតបង់ប្រាក់ជាង ៤.៨ពាន់លានដុល្លារ, មហាសេដ្ឋីបារាំង និងជាម្ចាស់ក្រុមហ៊ុន LVMH លោក ប៊ឺណាដ អាណល (Bernard Arnault) ក៏បានខាតអស់ ៤.៨ពាន់លានដុល្លារដូចគ្នា ក្នុងចំណោមកំពូលមហាសេដ្ឋីទាំង៥០០នាក់នៅលើពិភពលោក ដែលសរុបទៅ ការខាតបង់ មានទំហំ១៣៦ពាន់លានដុល្លារ៕