(សេអ៊ូល)៖ ការរាលដាលនៃជំងឺឆ្លង COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃអង្គារនេះនៅតែបន្តកើនឡើង ដោយគ្មានសញ្ញាធូរស្រាលនោះឡើយ ខណៈចំនួនអ្នកឆ្លងបានកើនដល់ ៩៧៧ករណី ក្នុងនោះអ្នកស្លាប់កើនដល់ ១០នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Yonhap News នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា ចង្កោមធំចំនួនពីរនៃការចម្លងជំងឺ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺព្រះវិហារសាសនាគ្រិស្តមួយនៅទីក្រុង ដេគូ (Daegu) និងនៅមន្ទីរពេទ្យមួយកន្លែងក្នុងស្រុក ឆុងទូ (Cheongdo) នៃខេត្ត គ្យុងសាងខាងជើង (North Gyeongsang) បាននិងកំពុងតែបន្តរីកធំឡើង ដោយតំបន់ទាំងនោះទទួលបន្ទុកប្រមាណ ៧០ភាគរយនៃករណីអ្នកឆ្លង COVID-19 ទាំងអស់នៅកូរ៉េខាងត្បូង។

ទីក្រុង Daegu និងស្រុក Cheongdo ត្រូវបានកំណត់ជា «តំបន់ត្រូវគ្រប់គ្រង និងទទួលការថែទាំពិសេសេ» ដើម្បីបង្កើនការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃ COVID-19 តបទៅនឹងការប្រកាសអាសន្នថ្នាក់ជាតិ ខ្ពស់បំផុតក្នុងកម្រិត «ពណ៌ក្រហម»។

គួរជម្រាបថា កូរ៉េខាងត្បូងរកឃើញករណីអ្នកឆ្លង COVID-19 ជាលើកដំបូង នៅក្នុងប្រទេសខ្លួនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដែលជាស្រ្តីម្នាក់មកពីទីក្រុង វូហាន (Wuhan) របស់ចិន ហើយមកទល់នឹងថ្ងៃទី១៨ ខែកុម្ភៈ កូរ៉េខាងត្បូងមានតែ ៣១ករណីប៉ុណ្ណោះ ក្នុងកំឡុងពេលត្រឹមតែ ប្រមាណជាមួយសប្តាហ៍ចុងក្រោយនេះសោះ វាបានកើនឡើងយ៉ាងគំហុកដល់ទៅជិត ១,០០០ករណី និងមនុស្សស្លាប់ ១០នាក់៕