(វ៉ាស៊ីនតោន)៖ កំពូលមហាសេដ្ឋីអាមេរិក និងជាប្រធានក្រុមហ៊ុន Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) បានខាតប្រាក់ជាង ៤.៨ពាន់លានដុល្លារ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដោយសារតែការធ្លាក់ដាំក្បាលនៃទីផ្សារភាគហ៊ុន បង្កឡើងដោយជំងឺឆ្លង COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

ការកើនឡើងនៃករណីឆ្លងថ្មីជំងឺ COVID-19 នៅក្រៅប្រទេសចិន កំពុងបង្កការភ័យខ្លាចនៅក្នុងចំណោមក្រុមអ្នកវិនិយោគ ដែលបារម្ភខ្លាចក្រែងការរីករាលដាលកាន់តែខ្លាំងនៃជំងឺនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលលោក។

ជាក់ស្ដែង នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) ទីផ្សារហ៊ុន S&P 500 និង ដូវ ចនស៍ (Dow Jones) ប្រកាសពីការធ្លាក់ចុះហ៊ុនរបស់ពួកគេ ដោយក្នុងនោះផ្សារហ៊ុន Dow Jones បានធ្លាក់ចុះអស់ដល់ទៅ ៣.៥ភាគរយ។ ចំណែកឯផ្សារហ៊ុន ណាសដេក (Nasdaq) ក៏បានធ្លាក់ចុះ ៣.៧ភាគរយផងដែរ នៅពេលបិទទ្វារផ្សារហ៊ុន ខណៈផ្សារហ៊ុននៅទីក្រុង Milan ប្រទេសអ៉ីតាលី ដាំក្បាលចុះក្រោមដល់ទៅ ៦ភាគរយឯណោះ ក្រោយការឆ្លងជំងឺ COVID-19 កើនឡើងដល់ ២២៩ករណី។

ការធ្លាក់ចុះផ្សារហ៊ុននេះ ក៏បានធ្វើឱ្យខាតបង់ដល់ទ្រព្យសម្បតិ្ត របស់បណ្តាកំពូលមហាសេដ្ឋីនៅលើពិភពលោកផងដែរ ដោយក្នុងនោះត្រឹមរយៈពេលមួយថ្ងៃចន្ទកន្លងទៅ កំពូលមហាសេដ្ឋីអាមេរិក និងជាប្រធានក្រុមហ៊ុន Amazon លោក Jeff Bezos បានខាតបង់ប្រាក់ជាង ៤.៨ពាន់លានដុល្លារ, មហាសេដ្ឋីបារាំង និងជាម្ចាស់ក្រុមហ៊ុន LVMH លោក ប៊ឺណាដ អាណល (Bernard Arnault) ខាតអស់ ៤.៨ពាន់លានដុល្លារដូចគ្នា ហើយគិតសរុបទាំងការខាតបង់របស់មហាសេដ្ឋីទាំង ៥០០នាក់ នៅលើពិភពលោក ការខាតបង់គឺមានរហូតដល់ទៅ ១៣៩ពាន់លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ដោយសារតែការធ្លាក់ដាំក្បាល នៃទីផ្សារភាគហ៊ុនបង្កឡើងដោយជំងឺ COVID-19៕