(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩៤ឆ្នាំ លោក មហាធៀ មហំាម៉ាត់ នៅថ្ងៃចន្ទសប្ដាហ៍នេះបានសម្រេចចិត្ត លាលែងចេញពីតំណែងហើយ ដោយបានធ្វើឱ្យប្រទេសម៉ាឡេស៊ី ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយថ្មីមួយ មិនដល់រយៈពេល 0២ឆ្នាំផងក្រោយលោកទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៨។ ការលាលែងចេញពីតំណែងនេះ ធ្វើឡើងក្រោយលេចលឺព័ត៌មានថា មានកិច្ចពិភាក្សាជាមួយគណបក្សប្រឆាំង ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយមិនមានលោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) ដែលជាមនុស្សម្នាក់ត្រូវបានលោកសន្យាថា នឹងប្រគល់អំណាចឱ្យ ហើយក៏ជាមនុស្សម្នាក់ ដែលលោកផ្ទាល់ធ្លាប់ចាប់ដាក់ពន្ធនាគារកាលពីឆ្នាំ១៩៩៩ ផងដែរ។

១៖ តើការលាលែងរបស់លោក មហាធៀ គឺកំពុងធ្វើតាមការសន្យារបស់លោកមែនដែរ ឬទេ?

គេមិនអាចនិយាយឲ្យប្រាកដ ១០០ភាគរយនោះទេ ព្រោះវាអាចទៅរួចដែលថា លោក មហាធៀ នឹងត្រឡប់មកដឹកនាំរដ្ឋាភិបាលថ្មីមួយ បើសិនជាលោកអាចប្រមូលបានសំឡេងគាំទ្រ ភាគច្រើនពីសមាជិកសភា ខណៈក្រុមអ្នកនយោបាយ និងសមាជិកសភាមួយចំនួនធំ នាំគ្នាបង្ហាញការគំាទ្រឱ្យលោក បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីដដែល។ ម្យ៉ាងវិញទៀត ថ្វីបើព្រះមហាក្សត្រម៉ាឡេស៊ី ទទួលយកលិខិតលាលែងចេញពីតំណែងក៏ដោយ ក៏ទ្រង់នៅតែតែងតាំងឱ្យលោក មហាធៀ បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទីដដែល ហើយនៅត្រង់ចំនុចនេះ តំណែងជានាយករដ្ឋមន្ត្រីរបស់លោក នឹងគ្មានព្រំដែនកំណត់ច្បាស់លាស់ ពោលគឺលោកអាចកាន់អំណាច រហូតដល់នាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង និងគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើតឡើង។

ការលាលែងរបស់លោក មហាធៀ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលធំដំអ្វីនោះទេ បើគិតឲ្យបានស៊ីជម្រៅជាងអ្វីដែលយើងមើលឃើញ។ លោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។ នៅឆ្នាំ២០០៣ លោក បានលាលែងចេញពីតំណែងម្ដងរួចមកហើយ តែបានត្រឡប់ចូលឆាកនយោបាយសាជាថ្មី នៅឆ្នាំ២០១៧ បន្ទាប់ពីប្រកាសដើរចេញពី គណបក្សអង្គការសម្ព័ន្ធជាតិម៉ាឡេ UMNO ដែលលោកធ្លាប់រួមរស់ជាមួយនឹង អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) រួមទាំងលោក Anwar ផងដែរ។ លោក មហាធៀ នៅពេលនោះបានអំពាវនាវឱ្យលោក ណាជីប ដែលជាអតីតសម្ព័ន្ធមិត្ត និងជាកូនសិស្សរបស់លោក លាលែងចេញពីតំណែង ដោយសារជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុកលួយ លើលុយរដ្ឋរាប់ពាន់លានដុល្លារ។

លោក មហាធៀ បានបង្កើតគណបក្សថ្មីឈ្មោះថា ប៊ឺសាទូ (Bersatu) ហើយក្រោយមកបានចូលរួមជាមួយ គណបក្សប្រឆាំងរបស់លោក Anwar បង្កើតជាគណបក្សចម្រុះ Pakatan Harapan (PH)។ លោក មហាធៀ បានសន្យាថា លោកនឹងស្នើឱ្យព្រះមហាក្សត្រលើកលែងទោស ក៏ដូចជាប្រគល់តំណែងជានាយករដ្ឋមន្ត្រី ឱ្យលោក Anwar បើសិនជាក្រុមចម្រុះអាចបណ្ដេញ លោក Najib ពីតំណែង និងផ្ដួលគណបក្ស UMNO បាន។

នៅឆ្នាំ២០១៨ លោក មហាធៀ បានដឹកនាំក្រុមចម្រុះនៃគណបក្សប្រឆាំង ដោយយកឈ្នះលើគណបក្ស UMNO របស់លោក Najib នៅក្នុងការបោះឆោតសកល នៅថ្ងៃទី០៩ ខែឧសភាឆ្នាំដដែល ដោយបញ្ចប់ការគ្រប់គ្រងប្រទេសដោយគណបក្ស UMNO អស់រយៈពេលជាង ៦០ឆ្នាំមកនេះ។ មួយសប្ដាហ៍ក្រោយទទួលបានជ័យជម្នះនេះ លោក Anwar ទទួលបានការលើកលែងទៅសពីព្រះមហាក្សត្រ តែរហូតមកទល់នឹងបច្ចុប្បន្ន ការសន្យាប្រគល់តំណែងនាយករដ្ឋមន្ត្រី ដែលលោក មហាធៀ ថានឹងធ្វើឡើងមិនឱ្យលើសរយៈពេល ០២ឆ្នាំ មិនទាន់កា្លយជាការពិតនៅឡើយទេ រីឯលោក Najib វិញកំពុងប្រឈមមុខការជាប់ពន្ធនាគារ ពីបទពុករលួយលើលុយរដ្ឋរាប់ពាន់លានដុល្លារ។

លោក មហាធៀ ធ្លាប់រួមដៃគ្នាជាមួយលោក ណាជីប ចាប់លោក Anwar ដាក់គុក ហើយក្រោយការបោះឆ្នោតឆ្នាំ២០១៨ លោកបានរួមដៃគ្នាជាមួយលោក អាន់វ៉ា ចង់ចាប់លោក ណាជីប ដាក់គុកវិញម្ដង។ «ក្នុងនយោបាយគ្មានសត្រូវរហូត ហើយក៏គ្មានមិត្តរហូតនោះដែរ មានតែផលប្រយោជន៍តែមួយគត់»។ នេះគឺជាប្រយោគដែលគេតែងតែយកមករៀបរាប់ អំពីរបត់នយោបាយនៅក្នុងប្រទេសម៉ាឡេស៊ី។

២៖ តើអ្វីនៅពីក្រោយការលាលែងពីតំណែងរបស់លោក មហាធៀ?

លោក មហាធៀ មហាំម៉ាត់ មិនបានពន្យល់ឱ្យច្បាស់ពីមូលហេតុ នៅពីក្រោយការលាលែងពីតំណែងរបស់លោកនោះទេ។ ប៉ុន្តែវាកើតឡើងក្រោយការលេចលឺព័ត៌មានថា សមាជិក មួយចំនួននៃគណបក្សចម្រុះរបស់លោក បានជួបពិភាក្សាជាមួយក្រុមគណបក្សប្រឆាំង ជុំវិញការបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយមិនមានលោក Anwar។ លោក មហាធៀ បានទទួលរងសម្ពាធយ៉ាងខ្លាំង ពីក្រុមអ្នកនយោបាយគាំទ្រលោក Anwar ដែលអំពានាវឱ្យលោក ប្រគល់អំណាចតាមការសន្យា។ ប៉ុន្តែលោកបានបដិសេធ រហូតមកទល់នឹងបច្ចុប្បន្ន ខណៈមានព័ត៌មានជាច្រើនអះអាងថា សមាជិកគណបក្សរបស់លោក បង្ខំឱ្យលោក មហាធៀ បន្តកាន់តំណែងតទៅទៀត។

យ៉ាងណាក៏ដោយ បើតាមលោក Anwar និងក្រុមនុស្សស្និទ្ធនឹងលោក មហាធៀ លោកនាយករដ្ឋមន្ត្រីវ័យ ៩៤ឆ្នាំរូបនេះបានសម្រេចចិត្តលាលែងចេញពីតំណែង ដោយសារតែមានការចោទប្រកាន់ ពីអ្នកនយោបាយនៅក្នុងបក្សចម្រុះ (PH) ថា លោកមានបំណងធ្វើការងារជាមួយគណបក្ស UMNO វិញ។ លោក Anwar បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ CNA យ៉ាងដូច្នេះថា «គាត់ (លោកមហាធៀ) បាននិយាយប្រាប់ខ្ញុំថា គាត់មិនសមទទួលរងការចោទប្រកាន់ បែបនេះទាល់តែសោះ ហើយគាត់ថានឹងមិនត្រឡប់ទៅធ្វើការងារជាមួយក្រុមមនុស្ស ដែលយើងដឹងច្បាស់ថា ជាពួកពុករលួយឡើយ... ហើយខ្ញុំជឿជាក់ថា គាត់មិនមានជាប់ពាក់ព័ន្ធនឹងគំនិត បង្កើតរដ្ឋាភិបាលថ្មីអ្វីនោះទេ តែអាចមានមនុស្សខ្លះនៅក្នុង និងក្រៅបក្សយកឈ្មោះគាត់ទៅប្រើ»

៣៖ តើអាចនឹងមានរឿងអ្វីកើតឡើងនៅពេលខាងមុខ?

ជាការពិតណាស់ សេណារីយ៉ូ និងស្ថានភាពបច្ចុប្បន្ននៅម៉ាឡេស៊ី គឺកំពុងនាំទៅរកវិបត្តិនយោបាយថ្មីមួយ។ ដើម្បីទទួលបានជ័យជម្នះ គណបក្សចម្រុះមួយចាំបាច់ត្រូវតែបញ្ចុះបញ្ចូល ឬបង្ហាញទៅអង្គព្រះមហាក្សត្រថា ក្រុមខ្លួនទទួលបានការគាំទ្រយ៉ាងតិចពីសមាជិកសភា ១១២នាក់ក្នុងចំណោម ២២២នាក់។ ខាងក្រោមនេះគឺជារឿងរ៉ាវបន្តបន្ទាប់ ដែលទំនងជាអាចនឹងកើតឡើង៖

* លោក មហាធៀ មហាំម៉ាត់ ត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីសាជាថ្មី ដោយមានការគាំទ្រពីក្រុមអ្នកដែលនៅក្នុងគណបក្សចម្រុះ Pakatan Harapan និងពីក្រុមគណបក្សដទៃមួយចំនួនទៀត។
* លោក មហាធៀ ត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីជាថ្មី ដោយមានការគំាទ្រពីក្រុមចម្រុះ ឬរដ្ឋាភិបាលថ្មីមួយ។
* លោក មហាធៀ នឹងដកខ្លួនពីនយោបាយ ឬបោះបង់ចោលតំណែងជានាយករដ្ឋមន្ត្រី ដើម្បីបើកផ្លូវឱ្យលោក Anwar, លោក មូហ៍យីដឌីស យ៉ាស្ស៊ីន (Muhyiddin Yassin មកពីគណបក្សលោក មហាធៀ) និងលោក អាហ្សមីន អាលី (Azmin Ali) ដែលទើបតែត្រូវបានបណ្ដេញចេញពីគណបក្សលោក Anwar កាលពីថ្ងៃចន្ទប្រកួតប្រជែងគ្នាដណ្ដើមកៅអីនាយករដ្ឋមន្ត្រី។
* បើគ្មានភាគីណាមួយទទួលបានសំឡេងគាំទ្រ ភាគច្រើនគ្រប់គ្រាន់ នោះព្រះមហាក្សត្រម៉ាឡេស៊ី នឹងយល់ព្រមបើកផ្លូវឱ្យមានការរៀបចំ ការបោះឆ្នោតសកលថ្មីមួយ។

៤៖ តើនឹងមានអ្វីផ្លាស់ប្ដូរ បើក្រុមចម្រុះថ្មីមួយបង្កើតឡើង?

វាពិបាកទាយទុកជាមុនណាស់ថា នឹងមានអ្វីផ្លាស់ប្ដូរមុននឹងក្រុមចម្រុះថ្មីមួយបង្កើតឡើង។ ប៉ុន្តែក្រុមចម្រុះថ្មីមួយ ដែលស្ថិតនៅក្រោមការពិភាក្សាគ្នា កាលពីចុងសប្ដាហ៍កន្លងទៅ គឺមានទំនោរទៅរកផលប្រយោជន៍នៃជនជាតិម៉ាឡេ ច្រើនជាងក្រុមចម្រុះសព្វថ្ងៃ ដែលបានដួលរលំ។ ត្រង់ចំណុចនេះមានន័យថា ក្រុមចម្រុះថ្មីនឹងផ្ដោតជាសំខាន់ឡើងវិញ លើគោលនយោបាយផ្ដល់ផលប្រយោជន៍ សម្រាប់ជនជាតិម៉ាឡេភាគច្រើន ដែលទទួលបានការអនុគ្រោះពិសេស ក្នុងការទទួលបានគ្រប់យ៉ាង ពីសម្បទានហិរញ្ញវត្ថុសារធាណៈ រហូតដល់ប្រព័ន្ធកូតា (quota) ៣០ភាគរយនៃការកាន់កាប់អាជីវកម្ម។ ប៉ុន្តែអ្វីដែលដូចគ្នា ក្រុមចម្រុះណាក៏ដោយ ពួកគេនឹងនិយាយថា នឹងប្រឹងប្រែងលុបបំបាត់អំពើពុករលួយ។

៥៖ តើប្រជាជនម៉ាឡេស៊ីអាចនឹងផ្ទុះកំហឹងដែរ ឬទេ?

ខណៈនយោបាយកំពុងច្របូកច្របល់ មើលទៅប្រជាជនម៉ាឡេស៊ីមួយភាគធំ ក៏មានការធុញទ្រាន់ និងខឹងសម្បារផងដែរ។ បាតុកម្មតវ៉ាបានក្លាយជារឿងធម្មតា នៅក្នុងប្រទេសម៉ាឡេស៊ី ចាប់តាំងពីទសវត្សរ៍ ៩០ មកម្ល៉េះ។ ក្រុមសម្ព័ន្ធចម្រុះអង្គការក្រៅរដ្ឋាភិបាលមួយ ដឹកនាំដោយ ក្រុមចលនាកំណែទម្រង់ប្រព័ន្ធបោះឆ្នោត Bersih 2.0 ទំនងជាអាចនឹងដឹកនាំ បាតុកម្មតវ៉ាទ្រង់ទ្រាយធំមួយ ដែលនឹងមិនមែនជារឿងល្អឡើយសម្រាប់សេដ្ឋកិច្ចម៉ាឡេស៊ី។

គួរបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសម៉ាឡេស៊ីបានមើលឃើញកំណើនដ៏យឺត និងទន់ខ្សោយ ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ក៏ដូចជានៅក្នុងត្រីមាសទី ៤ កាលពីឆ្នាំ២០១៩ ខណៈជំងឺឆ្លង COVID-19 ក៏កំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២០ នេះផងដែរ៕

ប្រភព៖ Reuters (ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០)