(គូឡាឡាំពួ)៖ បណ្តាសមាជិករបស់គណបក្សរួបរួមប្រជាជនម៉ាឡេស៊ី ដែលហៅកាត់ថា ប៊ឺសាទូ (Bersatu) បានច្រានចោលការសុំលាលែងរបស់លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) ពីប្រធានគណបក្ស ដោយពួកគេនៅតែគាំទ្រនៅពីក្រោយលោក មហាធៀ ជានិច្ច ដើម្បីឲ្យលោកក្លាយជានាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ីបន្តទៀត ខណៈបច្ចុប្បន្នលោក មហាធៀ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ ឲ្យនៅធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន រហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់របស់គណបក្ស Bersatu កាលពីយប់ថ្ងៃចន្ទ ទី២៤ កុម្ភៈ អគ្គលេខាធិការគណបក្ស Bersatu លោក ម៉ាហ្សូគី យ៉ាហ៍យ៉ា (Marzuki Yahya) បានគូសបញ្ជាក់ថា សមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់ របស់គណបក្សលោក បានសម្រេចចិត្តជាឯកច្ឆ័ន្ទក្នុងការគាំទ្រលោកបណ្ឌិត មហាធៀ មហាម៉ាត់ ឲ្យបន្តធ្វើជាប្រធានគណបក្សដដែល។

លោក Marzuki បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងទើបតែបិទបញ្ចប់កិច្ចប្រជុំពិសេសមួយ រវាងសមាជិកជាន់ខ្ពស់នៃគណបក្ស ហើយក្នុងចំណោមអ្វីដែលយើងបានពិភាក្សាគ្នា នោះគឺយើងក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់គណបក្ស សូមបដិសេធចោល នូវលិខិតលាលែងតំណែង របស់លោកបណ្ឌិត មហាធៀ ពីប្រធានគណបក្ស»។ លោក Maruki បានបន្ថែមទៀតថា «សមាជិកទាំងអស់ក្នុងគណបក្ស Bersatu នឹងបន្តគាំទ្រដល់លោក មហាធៀ ឲ្យធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី»

គួរជម្រាបថា កាលពីថ្ងៃចន្ទម្សិលមិញ លោក មហាធៀ មហាម៉ាត់ បានថ្វាយលិខិតលាលែងតំណែងជានាយករដ្ឋមន្ត្រី ទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ីយ៉ាងតក់ក្រហល់ និងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង។ ទន្ទឹមគ្នានោះលោកក៏បានដាក់លិខិតលាលែងពីប្រធានគណបក្ស Bersatu ផងដែរ។

នៅទីបំផុតព្រះមហាក្សម៉ាឡេស៊ីព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) បានសម្រេចព្រះទ័យយល់ព្រមឲ្យលោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) លាលែងចេញពីតំណែងហើយ ប៉ុន្តែទ្រង់ក៏បានសម្រេចឲ្យលោក ស្ថិតនៅជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន រហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង។

គួរជម្រាបផងដែរថា ស្ថានការណ៍នយោបាយរបស់ប្រទេសម៉ាឡេស៊ី បានកើនឡើងកម្តៅខ្លាំងតាំងពីដើមសប្តាហ៍កន្លងទៅមកម្ល៉េះ គឺក្រោយពីមានការលេចលឺដំណឹងថា លោក មហាធៀ នឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដោយមិនមានលោក អានវ៉ាន់ អ៉ីប្រាហ៊ីម (Anwar Ibrahim)៕