(ញ៉ូវដេលី)៖ ប្រទេសឥណ្ឌា និង អាមេរិក នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងការពារជាតិ ដែលមានតម្លៃជាង៣ពាន់លានដុល្លារអាមេរិក នៅថ្ងៃអង្គារ នាទីក្រុង New Delhi ប្រទេសឥណ្ឌា, នេះបើតាមការបញ្ជាក់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើង នៅថ្ងៃចន្ទនេះ នៅអំឡុងពេលបំពេញទស្សនៈកិច្ច រយៈពេល២ថ្ងៃ នៅឥណ្ឌា។

យោងតាមសារព័ត៌មានស៊ិនហួរ ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៤ ខែកុម្ភៈនេះ បានឲ្យដឹងថា បន្ទាប់ពីមកដល់រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា នាព្រឹកថ្ងៃចន្ទនេះ លោកត្រាំ បានថ្លែងសន្ទរកថាមួយ នៅទីក្រុង Motera។

លោកត្រាំ ក៏បានមានប្រសាសន៍រំលឹកឡើងវិញ អំពីសមយុទ្ធយោធាសេវាកម្ម៣ ដែលបានប្រព្រឹត្តិឡើង រវាងភាគីទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅផងដែរ៕