(បាកដាដ)៖ ក្រសួងសុខាភិបាលអ៉ីរ៉ាក់នាថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញជាលើកដំបូងនូវករណីអ្នកឆ្លងជំងឺ COVID-19 នៅ ក្នុងប្រទេសរបស់ខ្លួន គឺពលរដ្ឋអ៉ីរ៉ង់ម្នាក់ ដែលមកពីប្រទេសអ៉ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលអ៉ីរ៉ាក់ លទ្ធផលនៃការធ្វើតេស្តក្នុងមន្ទីរពិសោធន៍កាលពីថ្ងៃអាទិត្យ បានបង្ហាញ ថា ពលរដ្ឋអ៉ីរ៉ង់ម្នាក់កើតជំងឺ COVID-19 ដោយបុគ្គលម្នាក់នោះ ប្រហែលជាបានចូលមកដល់ក្នុងទឹកដីអ៉ីរ៉ាក់ មុនពេលមានដាក់ ចេញបម្រាមធ្វើដំណើររវាងប្រទេសទាំងពីរ។ ជនជាតិអ៉ីរ៉ង់ដែលឆ្លង COVID-19 នោះ បានធ្វើដំណើរមកទីក្រុង Najaf របស់អ៉ីរ៉ាក់ ដើម្បីសិក្សាផ្នែកសាសនា ហើយឥឡូវគាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរព្យាបាលពិសេសមួយ ក្នុងទីក្រុងនោះ។

គួរជម្រាបថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅអ៉ីរ៉ង់ បានកើនដល់១២នាក់ និងឆ្លងដល់ជាង៦០នាក់។ ក្នុងថ្ងៃដដែលនេះ អាហ្វហ្គានីស្ថាន គុយវែត និងបារ៉ែន ក៏សុទ្ធតែបានប្រកាសពីការរកឃើញករណីដំបូងនៃអ្នកឆ្លង COVID-19 នៅក្នុងប្រទេសពួកគេផងដែរ៕