(រ៉ូម)៖ ប្រទេសអ៉ីតាលីបានប្រកាសឲ្យដឹងនៅថ្ងៃចន្ទនេះថា អ្នកជំងឺម្នាក់ទៀតជាបុរសវ័យ ៨៤ឆ្នាំបានបាត់បង់ជីវិត ដោយសារតែជំងឺឆ្លង COVID-19 ស្ថិតនៅក្នុងតំបន់ឡុមបាឌី (Lombardy) ភាគខាងជើង ខណៈចំនួនប្រជាជនដែលបានឆ្លងគឺជាង ១៥០ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

នេះជាករណីស្លាប់ទី ៣ ហើយនៅក្នុងតំបន់ Lombardy និងទី ៤ សម្រាប់ប្រទេសអ៉ីតាលីទាំងមូល ខណៈក្រុងចំនួន ១០ នៅតំបន់ Lombardy និងក្រុងចំនួន ០១ ទៀតនៅតំបន់ក្បែរខាងគឺវែណេតូ (Veneto) ត្រូវបានអាជ្ញាធរអ៉ីតាលីសម្រេចបិទ ដូច្នេះប្រជាជននៅទីនោះសរុប ៥០,០០០នាក់ មិនអាចចាកចេញទៅណាបានឡើយ ដោយត្រូវរង់ចាំវិធានការជាបន្តបន្ទាប់ ដោយអាជ្ញាធរសុខាភិបាលអ៉ីតាលី ក្នុងការទប់ស្កាត់ការរីករាលមេរោគ COVID-19។

គួរបញ្ជាក់ថា អ៉ីតាលីពេលនេះបានឈរនៅលេខរៀងទី ១ ប្រចាំទ្វីបអឺរ៉ុបហើយ ក្នុងនាមជាប្រទេសដែលមានករណីឆ្លង និងស្លាប់ច្រើនជាងគេបង្អស់ ដោយសារតែមេរោគ COVID-19 មានប្រភពដើមពីប្រទេសចិន។ អាជ្ញាធរនៅក្នុងតំបន់ខាងលើនេះ ក៏បានបញ្ជាឲ្យកីឡាដ្ឋាន ក្លឹបកម្សាន្ត ហាងធំៗ និងកន្លែងឌីស្កូបិទទ្វារជាបណ្តោះអាសន្នផងដែរ៕