(កាប៊ុល)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្វហ្គានីស្ថានលោក ហ្វែរ៉ីហ្ស៊ូដឌីន ហ្វែរ៉ូស (Ferozuddin Feroz) នៅថ្ងៃចន្ទនេះបានទទួលស្គាល់ពីករណីឆ្លងជំងឺ COVID-19 ជាលើកដំបូង ខណៈប្រទេសគុយវែត និងបារ៉ែនក៏បានអះអាងពីការរកឃើញករណីឆ្លងជំងឺនេះ ជាលើកដំបូងនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួនផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមលោក Ferozuddin មនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលសង្ស័យគេថា មានផ្ទុកជំងឺ COVID-19 ក្រោយត្រឡប់មកពីប្រទេសអ៉ីរ៉ង់ ត្រូវបានគេធ្វើរកឃើញថា បានឆ្លងជំងឺនេះនៅក្នុងខេត្ត ហឺរ៉ាត (Herat) ស្ថិតនៅភាគខាងលិចនៃប្រទេស។ លើសពីនេះទៅទៀត លោកក៏បានប្រកាសពីភាពអាសន្នផ្នែកសុខាភិបាល នៅក្នុងខេត្ត Herat ដែលមានជាប់ព្រំដែនជាមួយប្រទេសអ៉ីរ៉ង់ផងដែរ ជាទីដែលមនុស្ស ០៨នាក់ហើយបានស្លាប់ និងរាប់សិបនាក់បានឆ្លង។

«ខ្ញុំស្នើឱ្យប្រជាជនព្យាយាមស្នាក់នៅក្នុងផ្ទះ និងជៀសវាងការធ្វើដំណើរចេញ ខាងក្រៅ ជាពិសេសគឺប្រជាជនរស់នៅតាមតំបន់ព្រំដែនជាមួយអ៉ីរ៉ង់»។ នេះជាការគូសបញ្ជាក់របស់លោក Ferozuddin។

គួរបញ្ជាក់ថា ក្រៅពីអាហ្វហ្គាស្ថាន គុយវ៉ែត និងបារ៉ែន ក៏បានអះអាងពីការរកឃើញករណីឆ្លង COVID-19 ជាលើកដំបូងនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួនផងដែរ ស្របពេលអារ៉ាប៊ីសាអូឌីត អ៉ីរ៉ាក់ តួកគី គុយវ៉ែត រួមទាំងអាហ្វហ្គានីស្ថាន ប្រកាសដាក់ចេញនូវវិធានការរឹតត្បិតជាច្រើនលើការធ្វើដំណើរទៅកាន់ប្រទេសអ៉ីរ៉ង់ និងអ្នកដំណើរមកពីសាធារណរដ្ឋអ៉ីស្លាមមួយនេះ៕