(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានរាយការណ៍ថា អ្នកជំងឺ Covid-19 ម្នាក់ទៀតបានស្លាប់ ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារ ជំងឺនេះនៅទូទាំងប្រទេសកើនដល់ ០៧នាក់ ខណៈតួលេខអ្នកឆ្លងក៏ហក់ឡើងដល់ ៧៦៣នាក់ផងដែរក្រោយករណីឆ្លងថ្មី ១៦១ករណីបន្ថែមទៀតត្រូវបានគេរកឃើញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង អ្នកជំងឺ Covid-19 ជាបុរសម្នាក់នៅក្នុងមន្ទីរពេទ្យក្នុងទីក្រុង ឆឹងទូ (Cheongdo) ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស បានទទួលមរណភាពកាលពីថ្ងៃអាទិត្យម្សិលមិញ។ មកទល់នឹងពេលនេះមនុស្សសរុប ០៧នាក់ហើយបានស្លាប់ដោយសារមេរោគឆ្លង Covid-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីជំងឺនេះផ្ទុះឡើងដំបូងកាលពីចុងខែមករាមក។

គួរជម្រាបថា នៅក្នុងចំណោមករណីឆ្លងថ្មី Covid-19 ទាំង ១៦១ករណី មាន ១៤២ករណីត្រូវបានគេរកឃើញក្នុងទីក្រុងដេគូ (Daegu) ស្ថិតនៅចំងាយ ៣០០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល និងខេត្តក្បែរខាងគឺ គ្យុងសាង (Gyeongsang) ខាងជើង ខណៈការឆ្លងថ្មី ០៣ករណីទៀត ត្រូវបានគេរាយការណ៍នៅទីក្រុងសេអ៊ូល។
លើសពីនេះទៅទៀត កាលពីថ្ងៃអាទិត្យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៉ីន ក៏បានប្រកាសដំឡើងកម្រិតអាសន្ន «ព័ណ៌ក្រហម» ផងដែរ ប្រឈមមុខនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគ Covid-19 ហើយនេះគឺជាកម្រិតអាសន្នខ្ពស់បំផុតជាលើកដំបូង ចាប់តាំងពីការកម្រិតអាសន្នបែបនេះលើ ការផ្ទុះជំងឺគ្រុនផ្ដាសាយបក្សីកាលពីឆ្នាំ២០០៩៕