(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ឲ្យដឹងថា តួលេខសរុបនៃអ្នកជំងឺ COVID-19 ដែលត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពី ពួកគេបានជាសះស្បើយឡើងវិញ មានចំនួនរហូតដល់ ២២,៨៨៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

នារយៈពេលពេញមួយថ្ងៃសៅរ៍ ម្សិលមិញ ចំនួនអ្នកដែលបានជាសះស្បើយថ្មីៗទៀតពីជំងឺនេះ និងត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញទៅផ្ទះនោះ មានចំនួន ២,២៣០នាក់។ បើតាមអាជ្ញាធរចិនដែលបានបញ្ចេញរបាយការណ៍ខាងលើនេះដដែល បានគូសបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មានសរុប ២,៤៤៤នាក់ (ក្នុងនោះរួមមាន ហុងកុងស្លាប់២នាក់ និងតៃវ៉ាន់ម្នាក់) ខណៈករណីឆ្លងនៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៧៧,០២៧ករណី៕