(តេហេរ៉ង់)៖ នៅថ្ងៃសៅរ៍នេះអ៉ីរ៉ង់បានប្រកាសថា មនុស្សម្នាក់ទៀតហើយបានបាត់បង់ជីវិត ដោយសារមេរោគឆ្លង COVID-19 នៅក្នុងចំណោម ១០ករណីថ្មីៗដែលត្រូវបានរកឃើញនៅថ្ងៃដដែល។ ប្រការនេះបានធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ០៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ២៨ករណី។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់លោក គីយ៉ាណួស ហ្សាហាន់ភើរ (Kianoush Jahanpour) បាននិយាយនៅថ្ងៃសៅរ៍នេះថា «យើងបានរកឃើញករណីឆ្លង COVID-19 ចំនួន ១០ករណីបន្ថែមទៀត។ ប៉ុន្តែគួរឲ្យសោកស្តាយម្នាក់នៅក្នុងចំណោម ១០នាក់នោះ បានបាត់បង់ជីវិត»

គួរបញ្ជាក់ថា មេរោគឆ្លង COVID-19 បានផ្ទុះឡើងជាលើកដំបូងនៅអ៉ីរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលជាពេលអាជ្ញាធរអ៉ីរ៉ង់ប្រកាសថា មនុស្ស ០២នាក់បានស្លាប់ដោយសារ COVID-19 នៅក្នុងទីក្រុងកូម (Qom)។ បច្ចុប្បន្ន អាជ្ញាធរអ៉ីរ៉ង់កំពុងតែស្វិតស្វាញយ៉ាងខ្លាំង នៅក្នុងការតាមដានប្រវត្តិអ្នកឆ្លង និងអ្នកស្លាប់ ដើម្បីចាត់វិធានការណែនាំពលរដ្ឋឲ្យមកពិនិត្យសុខភាព៕