(តូក្យូ)៖ អាជ្ញាធរជប៉ុន បានបញ្ជាក់ប្រាប់ថា មានករណីឆ្លងថ្មីនៃមេរោគ COVID-19 ចំនួន៤ករណីបន្ថែមទៀត នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈនេះ ខណៈតួលេខអ្នកឆ្លងនៅក្រៅទឹកដីចិន កាន់តែមានចំនួនច្រើនឡើងៗ។។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times នារសៀលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

មួយក្នុងចំណោមករណីថ្មីខាងលើ គឺជាស្ត្រីម្នាក់វ័យ៦០ឆ្នាំម្នាក់ មានការងារជាគ្រូបង្រៀននៅអនុវិទ្យាល័យមួយកន្លែងក្នុងខេត្ត Chiba ភាគខាងកើតនៃទីក្រុងតូក្យូ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន ស្ត្រីរូបនេះបានបង្ហាញរោគសញ្ញាដំបូងនៅថ្ងៃទី១២ ខែកុម្ភៈ ហើយទើបត្រូវបានបញ្ជូនទៅព្យាបាលកាលពីថ្ងៃពុធសប្តាហ៍នេះ។ កំឡុងពេលមានរោគសញ្ញា គាត់នៅតែបានទៅធ្វើការជាធម្មតា ហេតុដូច្នេះអាជ្ញាធរមូលដ្ឋានបានសម្រេចថា​នឹងបិទសាលារៀនគាត់ធ្វើការ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយ។
ចំណែកឯករណីទីពីរ គឺជាស្ត្រីម្នាក់ទៀត​ដែលវ័យ៣០ឆ្នាំ និងស្ថិតនៅក្នុងខេត្ត Chiba ដូចគ្នា។ បើតាមអាជ្ញាធរជប៉ុន អ្នកទាំងពីរពុំមានទំនាក់​ទំនងអ្វីជាមួយគ្នានោះទេ ហើយវាក៏មិនច្បាស់នោះដែរថា អ្នកទាំងពីរបានឆ្លងមេរោគ COVID-19 ដោយរៀបណា។ ដោយឡែក ពីរករណី​ផ្សេងទៀត គឺជាបុរសម្នាក់វ័យ៦០ឆ្នាំ និងម្នាក់ទៀតវ័យ៥០ឆ្នាំ រស់នៅខេត្ត Kumamoto នៅភាគខាងត្បូងប្រទេសជប៉ុន។

គួរជម្រាបជូនថា នៅប្រទេសជប៉ុនចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 មាន៩៩ករណី បើមិនរាប់បញ្ចូលអ្នកឆ្លងនៅលើកប៉ាល់ Diamond Princess ដែលមានចំនួនរហូតដល់៦៣៤ករណី ហើយក្នុងនោះបុរសវ័យ៨៧ឆ្នាំម្នាក់ និងស្រ្តីវ័យ៨៤ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ បន្ទាប់ពីឆ្លងនៅលើកប៉ាល់៕