(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុនបានប្រកាសឲ្យដឹងថា អ្នកដំណើរសរុប ៩៧០នាក់បានចុះពីលើកប៉ាល់ទេសចរណ៍ខ្នាតធំ ដាយមិនដ៍ ព្រីនសេស (Diamond Princess) បន្ទាប់ពីការតម្រូវឲ្យស្ថិតនៅលើកប៉ាល់ ដែលមានរយៈពេលពីរសប្តាហ៍ បានបញ្ចប់ទៅកាលពីថ្ងៃពុធ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Kyodo News នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរជប៉ុនបានឲ្យដឹងថា អ្នកដំណើរចំនួន ២៥៣នាក់ដែលជាក្រុមទី ៣ និងជាក្រុមចុងក្រោយនៃអ្នកដែលធ្វើតេស្តទៅឃើញអវិជ្ជមាន COVID-19 បានចុះពីលើកប៉ាល់ Diamond Princess ដែលស្ថិតនៅកំពង់ផែក្នុងទីក្រុង យ៉ូកូហាម៉ា (Yokohama) នៃប្រទេសជប៉ុននាថ្ងៃសុក្រម្សិលមិញ ខណៈកាលពីកាលពីថ្ងៃព្រហស្បតិ៍ មានអ្នកដំណើរចំនួន ២៧៤នាក់ចុះពីលើកប៉ាល់ និងថ្ងៃពុធដែលជាថ្ងៃដំបូងមាន ៤៤៣នាក់។

កប៉ាល់ Diamond Princess បានមកដល់ទីក្រុង Yokohama កាលពីដើមខែកុម្ភៈនេះ ជាមួយមនុស្សសរុប ៣,៧០០នាក់។ អ្នកដែលត្រូវបានធ្វើតេស្តឃើញមានផ្ទុក COVID-19 ចំនួនជាង ៦០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាលក្នុងនោះមាន ០២នាក់បានបាត់បង់ជីវិត។

បើតាមក្រសួងសុខាភិបាលជប៉ុន អ្នកដំណើរប្រហែល ៣០០នាក់ និងបុគ្គលិកកប៉ាល់ខ្ទង់ ១,០០០នាក់នៅបន្តស្ថិតលើកប៉ាល់ដដែល។ ក្នុងចំណោមអ្នកទាំងនោះ មានអ្នកដំណើរជាង ១០០នាក់ ដែលបានទាក់ទងជិតស្និទ្ធជាមួយអ្នកដំណើរដែលឆ្លងមេរោគ COVID-19 តាមរយៈការនៅបន្ទប់ជាមួយគ្នាជាដើម ហើយពួកគេក៏នឹងត្រូវចុះពីកប៉ាល់ដែរនៅថ្ងៃសៅរ៍នេះ ប៉ុន្តែត្រូវយកទៅដាក់ក្នុងកន្លែងពិសេសមួយ ដែលរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន ដើម្បីស្ថិតក្រោមការតាមដានបន្តទៀត។

រដ្ឋមន្រ្តីការបរទេសជប៉ុន លោក ម៉ូតេគិ តូស៊ីមីតស៊ុ (Motegi Toshimitsu) បានប្រាប់ឲ្យដឹងថា ពលរដ្ឋបរទេសសរុប ៧៥៩នាក់ ដែលនៅលើកប៉ាល់ Diamond Princess ត្រូវបានជម្លៀសទៅកាន់ប្រទេសដើមរបស់ពួកគេវិញរួចហើយ ដោយ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង អូស្រ្តាលី ហុងកុង អ៉ីស្រាអែល និងកាណាដា។ ចក្រភពអង់គ្លេស អ៉ីតាលី និងកោះតៃវ៉ាន់ កាលពីថ្ងៃសុក្របានបញ្ជូនយន្តហោះមកជប៉ុន ដើម្បីជម្លៀសពលរដ្ឋខ្លួន ហើយឥណ្ឌូណេស៊ី និងហ្វីលីពីនក៏គ្រោងធ្វើដូចគ្នាដែរ។

គួរជម្រាបថា អ្នកដែលឆ្លងមេរោគ COVID-19 នៅលើកប៉ាល់ Diamond Princess មានចំនួនសរុប ៦៣៤ករណី ហើយក្នុងនោះបុរសវ័យ ៨៧ឆ្នាំម្នាក់ និងស្រ្តីវ័យ ៨៤ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕