(បាងកក)៖ នៅទីបំផុតតុលាការថៃបានចេញសេចក្តីសម្រេចហើយ ដោយបញ្ជាឲ្យរំលាយគណបក្សឆ្ពោះទៅរកអនាគត (Future Forward Party ឬ FFP) ដែលមានមេដឹកនាំជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ផុសផុល ហើយក៏បានធ្វើការរិះគន់រដ្ឋាភិបាលថៃរបស់លោក ប្រាយុទ្ធ ចាន់អូចា យ៉ាងសកម្មភាពផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នាល្ងាចថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសេចក្តីសម្រេចរបស់តុលាការថៃបានបញ្ជាក់ថា ប្រាក់កម្ចី ១៩១.២លានបាត (៦លានដុល្លារអាមេរិក) ត្រូវបានបញ្ចូលទៅក្នុងគណបក្ស FFP ដោយប្រធានគណបក្សនេះផ្ទាល់គឺលោក ថាណាថន ចងរុងរឿងឃីត (Thanathorn Juangroongruangkit) ដែលជាអតីតមហាសេដ្ឋីថៃមួយផងដែរនោះ បានរំលោភច្បាប់ផ្នែកហិរញ្ញវត្ថុ នៃគណបក្សនយោបាយ «ដូច្នេះគណបក្សទាំងមូលត្រូវរំលាយចោល ហើយសមាជិកទាំងអស់ នៃគណៈកម្មាធិការប្រតិបត្តិក្នុងគណបក្ស FFP រួមទាំងលោក ថាណាថន ផងដែរត្រូវបានហាមមិនឲ្យប្រឡូកនយោបាយរយៈពេល ១០ឆ្នាំ»

គួរបញ្ជាក់ថា គិតចាប់តាំងពីគណបក្សនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ បណ្តឹងផ្លូវច្បាប់ប្រមាណ ២៥បណ្តឹងហើយបានធ្លាក់មកលើបក្ស និងសមាជិកបក្ស ដែលមានទំនោរប្រឆាំងរបបដឹកនាំយោធានេះជាបន្តបន្ទាប់។ កន្លងមកលោក ថាណាថន ក៏ត្រូវបានតុលាការសម្រេច ដកតំណែងសមាជិកសភាផងដែរ ក្រោយពីបានរកឃើញថា លោកបានធ្វើការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ៕