(ប៉េកាំង)៖ អាជ្ញាធរចិនបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ជនបរទេសសរុប ២៩នាក់បានឆ្លងវីរុសកូរ៉ណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិន ដោយក្នុងនោះ ១០នាក់នៅខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចស្នូលនៃការផ្ទុះ និងរាតត្បាតខ្លាំងបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ទីង សៀងយ៉ាង (Ding Xiangyang) មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សារដ្ឋចិន បានបញ្ជាក់ថា ក្នុងចំណោមជនបរទេសដែលបានឆ្លងមេរោគ COVID-19 ទាំង ២៩នាក់នោះគឺ ១៨នាក់ហើយបានជាសះស្បើយឡើងវិញ និង ០២នាក់បាត់បង់ជីវិត ហើយនៅសល់ប៉ុន្មានទៀតគឺកំពុងតែស្ថិតនៅក្នុងការព្យាបាល យ៉ាងយកចិត្តទុកដាក់បំផុត។

គួរបញ្ជាក់តាមមន្ត្រីជាន់ខ្ពស់ចិនឲ្យដឹងថា ប្រទេសចិនប្តេជ្ញាការពារសុវត្ថិភាព ជនបរទេសទាំងអស់ ដែលស្ថិតនៅក្នុងប្រទេសរបស់ខ្លួន ជាពិសេសនៅក្នុងខេត្ត Hubei និងទីក្រុង វូហាន (Wuhan) ហើយជនបរទេសដែលត្រូវបានរកឃើញថា បានឆ្លងជំងឺ COVID-19 នោះពួកគេនឹងត្រូវទទួលការព្យាបាល ដោយយកចិត្តទុកដាក់ និងស្មើភាព។ នៅទូទាំងប្រទេសចិន មនុស្សសរុប ២,១១៨នាក់ហើយបានស្លាប់ និងឆ្លងសរុប ៧៤,៥៧៦ករណីដោយសារមេរោគ COVID-19 ខណៈអ្នកជាសះស្បើយសរុប ១៦,១៥៥នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕