(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម បានអះអាងថា ខ្លួនបានព្យាបាលអ្នកជំងឺ COVID-19 ជាទារិកាដំបូងម្នាក់ឱ្យជាសះស្បើយ ហើយបច្ចុប្បន្ន ទារិការូបនេះ ក៏ត្រួវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Vn Express នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលវៀតណាម ក្រោយការព្យាបាលអស់ជាច្រើនថ្ងៃ ទារិកាអាយុ ៣ខែខាងលើ ត្រូវបានធ្វើតេស្ដឈាមដោយលទ្ធផលបង្ហាញថា គ្មាន COVID-19 ដល់ទៅពីរដង ទើបក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជាតិវៀតណាម អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ប្រធានមន្ទីរពេទ្យកុមារជាតិ វៀតណាម លោក Le Thanh Hai បានគូសបញ្ជាក់ដូច្នេះដែរថា៖ «យើងពិតជារីករាយក្នុងការជូនដំណឹងថា វៀតណាម ទទួលបានជោគជ័យក្នុង ការព្យាបាលអ្នកជំងឺ COVID-19 ជាទារិកាម្នាក់ដំបូងបំផុត ឱ្យជាសះស្បើយ»

គួរបញ្ជាក់ថា ទារិកាខាងលើ បានឆ្លង COVID-19 ពីលោកយាយរបស់នាង ដែលត្រូវបានគេធ្វើតេស្ដរកឃើញថាបានឆ្លងជំងឺនេះកាលពីដើម ខែកុម្ភៈ កន្លងទៅ។ បច្ចុប្បន្ន ក្នុងចំណោមអ្នកឆ្លង COVID-19 ចំនួន១៦នាក់ នៅទូទាំងប្រទេសវៀណាម មានអ្នកជំងឺ១៥នាក់ បានជាសះស្បើយ និងម្នាក់ទៀត កំពុងស្ថិតនៅក្រោមការព្យាបាល៕