(តូក្យូ)៖ ជនជាតិជប៉ុនពីរនាក់ជាបុរសវ័យ ៨៧ឆ្នាំ និងស្ត្រីវ័យ ៨៤នាក់ ដែលត្រូវបានយកចេញពីកប៉ាល់ទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ក្រោយពីបានរកឃើញថា ពួកគាត់បានឆ្លងវីរុស COVID-19 នោះបានបាត់បង់ជីវិតហើយ នៅក្នុងមន្ទីរពេទ្យជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

គួរបញ្ជាក់ថា នេះគឺជាករណីស្លាប់ដំបូងហើយដែលត្រូវបានបញ្ជាក់ ចំពោះក្រុមអ្នកដំណើរលើនាវា Diamond Princess រាប់រយនាក់ដែលបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនេះ។ ដូច្នេះវាបានធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាថ្មីនៅប្រទេសជប៉ុន កើនឡើងដល់ ០៣នាក់។ ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅលើកប៉ាល់ទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) បានកើនឡើងដល់ ៦២១ករណី (តួលេខកាលពីយប់ថ្ងៃពុធ ក្នុងនោះ ០២នាក់បាត់បង់ជីវិត)

មនុស្ស ៥០០នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីកប៉ាល់ Diamond Princess កាលពីថ្ងៃពុធម្សិលមិញ ក្រោយការពិនិត្យសុខភាពរយៈពេល ១៤ថ្ងៃ មិនបានរកឃើញថា ពួកគេមានផ្ទុកវីរុស COVID-19 នោះឡើយ៕