(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិកលោក វីលៀម បារ (William Barr) កំពុងពិចារណាលាលែងពីតំណែង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បង្ហោះសារលើ Twitter និយាយអំពីការស៊ើបអង្កេតមួយរបស់ក្រសួងយុត្តិធម៌។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Washington Post នៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

កាសែត Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពក្រុមមន្ត្រីអាមេរិកស្និទ្ធនឹងលោក William Barr ដែលបញ្ជាក់ដែរថា លោករដ្ឋមន្ត្រីយុត្តិធម៌បានប្រាប់ក្រុមមនុស្សស្និទ្ធនឹងលោក ដូណាល់ ត្រាំ អំពីកង្វល់របស់លោក តែគេមិនទាន់ច្បាស់នៅឡើយទេថា លោកបានប្រាប់លោក ត្រាំ ដោយផ្ទាល់ ឬក៏យ៉ាងណានោះ ខណៈខាងក្រសួងយុត្តិធម៌អាមេរិក និងសេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ ទៅនឹងការចេញផ្សាយព័ត៌មានពីកាសែតអាមេរិកមួយនេះ។

យ៉ាងណាក៏ដោយលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា លោកមានទំនុកចិត្តទាំងស្រុងលើលោក Barr។ លោក ត្រាំ លើកឡើង យ៉ាងដូច្នេះថា «ខ្ញុំបានធ្វើឱ្យការងាររបស់គាត់ (លោក Barr) មានការលំបាក... ខ្ញុំយល់ស្របចំពោះបញ្ហានេះ ហើយលោករដ្ឋមន្ត្រីពិតជាបុរសម្នាក់ ប្រកបដោយភាពស្មោះត្រង់»

គួរជម្រាបថា កាលពីសប្ដាហ៍មុនក្រុមមន្ត្រីជាន់ខ្ពស់មកពីក្រសួងយុត្តិធម៌អាមេរិក បានសម្រេចចិត្តដកអនុសាសន៍ឱ្យផ្ដន្ទាទោសលើលោក រ៉ូចឺ ស្តូន (Roger Stone) ដែលជាមិត្តចាស់វស្សាម្នាក់របស់លោក ដូណាល់ ត្រាំ ផងដែរ។ លោក Roger ត្រូវបានគេរកឃើញថា បានប្រព្រឹត្តបទល្មើសចំនួន ០៧ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការកុហកសភាអាមេរិក ជុំវិញសំណុំរឿងអាស្រូវនៃទំនាក់ទំនងរវាងលោក ត្រាំ និងរុស្ស៊ី។ បច្ចុប្បន្នអតីតមន្ត្រីក្រសួងយុត្តិធម៌ច្រើនជាង ១,០០០នាក់បានអំពាវនាវឱ្យលោក Barr លាលែងពីតំណែងហើយលោក ត្រាំ ផ្ទាល់បានបង្ហោះសារលើ Twitter ដោយរិះគន់លើរដ្ឋអាជ្ញាបួននាក់ ដែលជំរុញឱ្យសំណុំរឿងលោក Roger ដំណើរការទៅមុខ។

ក្រោយការអត្ថាធិប្បាយរបស់លោក ត្រាំ នេះឯងបានធ្វើឱ្យលោក William Barr រងសម្ពាធយ៉ាងខ្លាំង ដោយលោកបានផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍ ABC ថា លោកមិនអាចធ្វើការងាររបស់លោក ខណៈមានការអត្ថាធិប្បាយដោយលូកលាន់ លើការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌នោះទេ ព្រមទាំងអំពាវនាវឱ្យបញ្ឈប់ការអត្ថាធិប្បាយទាំងនេះទៀតផង៕