(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុនបានរាយការណ៍ឲ្យដឹងថា អ្នកដំណើរប្រមាណ ៥០០នាក់ (មិនទាន់មានបញ្ជាក់ថាជនជាតិណាខ្លះ) ក្នុងចំណោម ៣,១០០នាក់ ដែលកំពុងជាប់គាំងនៅឡើយលើនាវាទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) នៅឯកំពង់ផែទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន ដោយសារតែការព្រួយបារម្ភពីការឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នឹងត្រូវអនុញ្ញាឲ្យចាកចេញពីនាវានៅថ្ងៃនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានជប៉ុន NHK នាព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងសុខាភិបាលជប៉ុនបានបញ្ជាក់ប្រាប់ថា អ្នកដំណើរទាំងឡាយណា ដែលបានទទួលការធ្វើតេស្ត និងចេញលទ្ធផលអវិជ្ជមានចំពោះវីរុស COVID-19 ឬមិនមានរោគសញ្ញាសង្ស័យណាមួយទេនោះ នឹងចាប់ផ្តើមអនុញ្ញាតឲ្យចាកចេញពីនាវា នៅថ្ងៃពុធ ទី១៩ កុម្ភៈនេះតែម្តង បន្ទាប់ពីពួកគេត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេឯង អស់រយៈពេល ១៤ថ្ងៃមកហើយលើនាវានោះ។

គួរជម្រាបថា ក្រសួងសុខាភិបាលជប៉ុនកំពុងតែរៀបចំតេស្តរកវីរុស លើអ្នកដំណើរចំនួន ៣,១០០នាក់ដែលកំពុងជាប់នៅលើនាវា ខណៈចំនួនសរុបអ្នកដែលបានឆ្លងវីរុសនេះ ទាំងអ្នកធ្វើដំណើរ និងនាវិកលើកប៉ាល់មានចំនួន ៥៤២នាក់ជាតួលេខចុងក្រោយ។ បើតាមគម្រោង ប្រតិបត្តិការជម្លៀសអ្នកដំណើរចេញពីលើនាវាទេសចរណ៍ខាងលើ នឹងត្រូវបិទបញ្ចប់ទៅវិញ នៅថ្ងៃសុក្រសប្តាហ៍នេះតែម្តង។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលជប៉ុនក៏បានបញ្ជាក់ដែរថា ចំពោះក្រុមអ្នកដំណើរ ដែលត្រូវបានធ្វើតេស្ត និងចេញលទ្ធផល «អវិជ្ជមាន» ចំពោះមេរោគឆ្លង COVID-19 ប៉ុន្តែពួកគេធ្លាប់បានស្នាក់នៅបន្ទប់ ឬជិតស្និទ្ធជាមួយអ្នកផ្ទុក COVID-19 នោះក៏ត្រូវបន្តដាក់ឲ្យនៅលើនាវារយៈពេល ១៤ថ្ងៃបន្ថែមទៀតដែរ ដើម្បីតាមដានថាតើពួកគេបានឆ្លងដែរឬទេ។

បើតាមមន្ត្រីសុខាភិបាលជប៉ុនបញ្ជាក់ប្រាប់ទៀតថា អ្នកដំណើរដែលបានចាកចេញពីនាវា នឹងត្រូវបានអនុញ្ញាតឲ្យរស់នៅទៅតាមធម្មតារបស់ពួកគេ គ្រាន់តែពួកគេទាំងនោះ នឹងត្រូវធ្វើការទាក់ទងជាមួយក្រុមជំនាញសុខាភិបាល តាមទូរស័ព្ទជាប្រចាំ ក្នុងរយៈពេលច្រើនថ្ងៃបន្ថែមទៀត ដើម្បីតាមដានការវិវឌ្ឍសុខភាពរបស់ពួកគេ៕